បុរសម្នាក់ដែលទះកំផ្លៀងស្រ្តីម្នាក់រហូតឡើងដាច់ផ្ញារទៅក្រោយ ត្រូវបានមហាជនរិះគន់ជាខ្លាំង និងនៅថ្ងៃទី១២ ខែមេសានេះ ជនសង្ស័យមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុន ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ រៀបចំបញ្ជូនទៅតុលាការហើយ បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញបានសាកសួរនិងកសាងសំណុំរឿងចប់សព្វគ្រប់។ ស្រាប់តែថ្មីៗនេះត្រូវបានភ្ញាក់ផ្អើលម្តងទៀតដោយសារមានបងប្រុសឈ្មោះ Phanna Lim គេបង្ហោះតាំងពី ២ ខែមុនពីបុរសដៃដល់ថា៖

“ចុះមកចេះទទួលខុស​ ហេីយសុំទោសទៅវាចប់ទៅហេីយ​ តែចុះពីឡានចរិករាងក្អាងទៀត​ បោះលេខមកចាំដោះស្រាយតាមក្រោយ ស្រណោះតែចេះខលមក​ ហេីយខលទៅសួរនាំមិនខ្ចីលេីកទៀត។ មុខចឹងតែជិះជាងស្ទាវទៀត​ ជ្រេគេជ្រេឯងពេញផ្លូវ​ ហួសចិត្ត។ ជួយស៊ែរអោយវាបានឃេីញផង។”

គួររំលឹកដែរថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានករណីហិង្សាមួយកើតឡើង ដោយជនរងគ្រោះជាស្ត្រីទន់ខ្សោយ មានឈ្មោះ ថា ទូច លីនដា ត្រូវបានបុរស់ម្នាក់បានទះកំផ្លៀងនាងឱ្យដួលអុកគូទនៅនឹងថ្នល់។ បើតាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានហិង្សាកើតឡើង គឺដំបូងឡើយរូបនាងនិងប្អូនស្រី បានដើរចេញពីផ្ទះ ទៅផ្សារ ដើម្បីទិញបាយហូប ហើយក៏ដើរត្រឡប់មកវិញ ដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿង បានបើកយ៉ាងលឿនសំដៅមករករូបនាង ឃើញដូច្នោះប្អូនស្រីរបស់នាង ក៏ស្ទុះចាប់ដៃនាងអូសគេចចេញ ពេលនោះនាងក៏បានសួរអ្នកបើករថយន្តថា បើកប្រញ៉ាប់ទៅណា?

ហើយអ្នកបើករថយន្តក៏បានចុចកញ្ចក់ចុះ និងជេររូបនាងដោយពាក្យសម្តីមិនសមរម្យជាច្រើន ឭដូច្នោះនាងក៏បានជេរតបតវិញ ស្រាប់តែអ្នកបើករថយន្តនោះ ដើរមកវាយនាងចំកណ្តាលមុខ បណ្តាលឲ្យដួលតែម្តង។ បន្ទាប់មកនាងក៏បានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ។