នេះមិនមែនជារឿងថ្មីស្រឡាងនោះទេ ដែលប្រជាពលរដ្ឋខ្មែរមួយចំនួន បានដើរលេងកំសាន្តនៅតាមរមណីយដ្ឋាន នានា ហើយធ្វើការចោលសំរាមផ្តេសផ្តាសមិនគិតពីបរិស្ថាន ដែលវាអាចបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភណភាព នៅតំបន់រមណីយដ្ឋានទាំងនោះ។ ជាក់ស្តែងក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរកំសាន្តទៅតាមបណ្តាខេត្តនានា និងរមណីយដ្ឋានផ្សេងៗគ្នា ហើយនៅ រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិហោង ក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានធ្វើការចោលសំរាមផ្តេសផ្តាស រហូតដល់ថ្ងៃទី ១៨ ខែមេសា ម្សិលមិញនេះ សមត្ថកិច្ចនៃអធិការដ្ឋានស្រុកមេមត់ រួមជាមួយនឹងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ បានចុះមកធ្វើការរើសសំរាម និងសំណូមពរដល់ អភិបាលខេត្តត្បូងឃ្មុំ ពិសេសនោះគឺប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំផ្ទាល់តែម្តង អញ្ជើញមកពិនិត្យនៅតំបន់នេះ ព្រមទាំងស្នើរសុំធុងសំរាមជាប្រភេទស៊ីម៉ង់ ដើម្បីដាក់នៅតំបន់នោះព្រោះតែ ធុងសំរាមកែច្នៃរបស់ពួកលោក ជាប្រភេទជ័រនោះ ត្រូវបានគេលួចបាត់អស់ហើយ។

តាមការបង្ហោះក្នុងផេក អធិការដ្ឋាននគរបាលស្រុកមេមត់ បានអោយដឹងថា៖ “តើពិតអត់? មានតិចអ្នកណាស់ដែលរើសសំរាម ចំណែកឯអ្នកបោះចោលសំរាមវិញមានច្រើនអ្នកណាស់…!
នៅម៉ោង ១៥ និង ៣០ នាទី ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៩ លោកអនុសេនីយ៍ទោ ហង្ស សុវណ្ណមេសា ( កូនដំរី ស្រុក ) នាយរងផ្នែកសេនាធិការ បានសហការជាមួយលោកអនុសេនីយ៍ឯក ស៊ុន ថែប នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ ដឹកនាំកម្លាំងប្រជាការពារចំនួន ០៤ នាក់ ចុះរើសសំរាមនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិហោង ក្នុងន័យពន្យល់ឲ្យប្រជាពលរដ្ឋបានយល់ថា តំបន់នោះមិនត្រូវការសំរាមឡើយ ដូច្នេះយើងចេះជួយថែរក្សានូវបរិស្ថានដោយមិនបោះចោលសំរាមពាសវាលពាសកាល ។ យើងខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលទៅលេងកំសាន្តនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិហោង សូមជួយរក្សាអនាម័យបរិស្ថានដោយមិនបោះចោលនូវកាកសំនល់សល់ពីអាហារ ឬសំរាមផ្សេងៗទៀតពាសវាលពាសកាលដែលធ្វើឲ្យខូចសោភ័ណភាព និងប៉ះពាល់ដល់សុខភាពអ្នកទាំងអស់គ្នាដែលទៅលេងនៅតំបន់នោះ។ ហើយយើងខ្ញុំក៏សូមសំណូមពរដល់ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ ពិសេសនោះគឺប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំផ្ទាល់តែម្តង អញ្ជើញមកពិនិត្យនៅតំបន់ហោងនេះ ជួយដាក់នូវធុងសំរាមជាស៉ីម៉ង់ (លូអណ្តូង) ដើម្បីឲ្យបងប្អូងប្រជាពលរដ្ឋបានដាក់សំរាមត្រឹមត្រូវ ។ សូមបញ្ជាក់ជូនថា ៖ ចំពោះធុងសំរាមដែលកម្លាំងប្រជាការពារបានកែឆ្នៃដាក់សំរាមចងតាមដើមឈើ ឬធុងសំរាមជ័រលក្ខណៈស្តង់ដារនោះត្រូវជនមិនស្គាល់យកបាត់ហើយ ៕”