កាហ្វេ គឺជាភេសជ្ជៈម្យ៉ាងដែលពេញនិយមខ្លាំងសម្រាប់មនុស្សគ្រប់វ័យមិនថាចាស់ ឬក្មេងតែងតែទទួលទានយ៉ាងណាស់ មួយ ​ទៅ ពីរកែវក្នុងមួយថ្ងៃ។ ដូច្នេះតើធ្វើដូចម្តេចដើម្បីទទួលទានកាហ្វេដោយវិធីត្រឹមត្រូវ និងផ្ដល់សុខភាពល្អដល់អ្នក? ហើយហេតុអ្វីបានជាកាហ្វេល្អសម្រាប់អ្នក? ខាងក្រោមនេះជាហេតុផលគួរឱ្យភ្ញាក់ផ្អើល ៥យ៉ាងដែលអ្នកត្រូវតែទទួលបានកាហ្វេយ៉ាងតិចឲ្យបានមួយកែវ៖

ទី១. ជួយបង្កើនកម្លាំង៖ កាហ្វេជាមួយស្ករអាចធ្វើឱ្យអ្នកមានកម្លាំងជាងមុន ដោយសារតែជាតិកាហ្វេអ៉ីន និងជាតិគ្លុយកូសធ្វើឱ្យខួរក្បាលរបស់អ្នកសកម្ម លើសពីនេះជាតិកាហ្វេអ៉ីននៅក្នុងកាហ្វេដើរតួជាភ្នាក់ងាររំញោចស្រាល ទៅប្រព័ន្ធសរសៃប្រសាទកណ្តាល។ សកម្មភាពសរសៃប្រសាទនេះបង្កឱ្យមានការបញ្ចេញ adrenaline ដែលនឹងប៉ះពាល់ដល់រាងកាយបង្កើតបានជាថាមពល។

ទី២. បង្កើនសម្ពាធឈាម៖ សម្រាប់អ្នកដែលមានសម្ពាធឈាមទាប គួរតែសាកល្បងទទួលទានកាហ្វេមួយកែវ ក្នុងមួយថ្ងៃដើម្បីឲ្យសម្ពាធឈាមរបស់អ្នក ឡើងក្នុងកម្រិតសមស្របមួយដែលល្អ ដល់រាងកាយ ប៉ុន្តែប្រសិនបើអ្នកមានជំងឺលើសឈាម អ្នកគួរតែពិភាក្សាជាមួយនឹង គ្រូពេទ្យអំពីកម្រិតជាតិកាហ្វេអ៉ីនបែបណា ដែលអ្នកអាចទទួលទានបាន។

ទី៣. ជួយបំបាត់ការឈឺក្បាល៖ ជាតិកាហ្វេអ៉ីនត្រូវបានគេរកឃើញនៅក្នុងកាហ្វេ តែ ភេសជ្ជៈផ្សេងៗ និងសូកូឡា ប៉ុន្តែអ្នកប្រហែលជាមិនដឹងថាជាតិកាហ្វេអ៉ីនមាននៅក្នុងប្រភេទឱសថផ្សេងៗ នោះទេ។ ទាំងនេះហើយជាមូលហេតុដែលវាជាគ្រឿងផ្សំនៅក្នុងថ្នាំបំបាត់ការឈឺចាប់ជាច្រើន ជាពិសេសអាការៈឈឺក្បាល។

ទី៤. ជួយបន្ថយភាពតានតឹង៖ កាហ្វេមានសារធាតុប្រឆាំង នឹងស្ត្រេសដោយសារតែការបញ្ចេញសារធាតុ dopamine និង serotonin ដែលធ្វើឱ្យអារម្មណ៍ល្អ មិនតែប៉ុណ្ណោះសូម្បីតែក្លិនកាហ្វេក៏អាចធ្វើឱ្យសរសៃប្រសាទរបស់អ្នកស្ងប់ ដែលធ្វើឲ្យហានិភ័យនៃជំងឺបាក់ទឹកចិត្តមានការថយចុះផងដែរ។

ទី៥.ជួយបង្កើនការចងចាំរបស់អ្នក៖ កាហ្វេអាចផ្ដល់ឥទ្ធិពលវិជ្ជមានទៅលើអារម្មណ៍ ដើម្បីបង្កើនភាពប្រុងប្រយ័ត្ន និងសមត្ថភាពនៃការចងចាំ ដោយការរំញោចសរសៃប្រសាទដើម្បីជួយជំរុញដល់ខួរក្បាល ដែលទទួលបានពីកាហ្វេមិនត្រឹមតែជួយបង្កើនអារម្មណ៍ និងផលិតភាពរបស់អ្នកទេប៉ុន្តែវាក៏ជួយបង្កើនការចងចាំផងដែរ។