សព្វថ្ងៃគេសង្កេតឃើញថាស្បែកជើងប្រភេទប៉ាតាកំពុងតែពេញនិយមខ្លាំង សម្រាប់យុវវ័យសម័យថ្មី ព្រោះវាមានភាពងាយស្រួលក្នុងការពាក់ និងអាចកាពារស្បែករបស់អ្នកពីកំដៅថ្ងៃ ជាពិសេសធ្វើឲ្យការតុបតែងខ្លួន កាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀតផងដេរ។ ជាមួយគ្នានេះដែរ ខាងក្រោមនេះ គឺជាតិចនិកក្នុងការពាក់ស្បែកជើងប៉ាតា ដែលបុរសគ្រប់រូបអាចសាកល្បង ដើម្បីបន្ថែមភាពទាក់ទាញ៖

ទី១. របៀបចងខ្សែស្បេកជើង៖ ជាធម្មតានៅដែលអ្នកពាក់ស្បែកជើងប៉ាតា អ្នកតែងតែចងខ្សែចេញជា រូបត្រចៀកទន្សាយ តែអ្នកអាចផ្លាស់ប្ដូរស្ទាយចងដោយគួចវាចុះក្រោមវិញ ព្រោះចងបែបនេះវាមិនធ្វើឲ្យអ្នកពិបាកចងម្ដងទៀតនៅពេលដែលអ្នកដោះ ឬពាក់ស្បែកជើង និងមើលទៅស្អាត គួរឲ្យចាប់អារម្មណ៍ផងដែរ។

ទី២.ស្បែកជើងប៉ាតា ជាមួយនឹងអាវធំ៖ ដូចអ្នកដឹងរួចមកហើយថាស្បែកជើង ប៉ាតាមិនសូវរើសជាមួយនឹង សំលៀកបំពាក់នោះទេ ដូចនេះនៅពេលដែលអ្នកតុបតែងខ្លួនដោយប្រើប្រាស់អាវធំ អ្នកអាចលេងស្ទីលជាមួយស្បែកជើងប៉ាតាបាន ដោយគ្រាន់តែរើសយកស្បែកជើងដែលមានកែងរាងខ្ពស់បន្តិច វានឹងមើលទៅទាក់ទាញមួយបែប ហើយមានផាសុកភាពទៀតផង។

ទី៣.ស្បែកជើងប៉ាតា ជាមួយនឹងខោសាច់ក្រណាត់៖ ប្រសិនបើអ្នកចូលចិត្តស្លៀកខោសាច់ក្រណាត់ ដែលរាងរលុង អ្នកគួតែជ្រើសរើសស្បែកជើងប៉ាតា ដែលមានរូបរាងក្រាស់ និងខ្ពស់ ព្រោះវាពិតជាត្រូវជាមួយនឹង ខោរបស់អ្នកជាងស្បែកជើងដេលមានរាងតូចៗ ។

ទី៤. ស្បែកជើងចម្រុះពណ៌៖ ពិតណាស់ស្បែកជើងដែលចម្រុះពណ៌លាយគ្នាច្រើន តែងតែរើសពណ៌សម្លៀកបំពាក់ណាស់ ដូចនេះនៅពេលប្រើប្រាស់ស្បែកជើងប្រភេទនេះ អ្នកគួរតែ​ជ្រើសរើសសម្លៀកបំពាក់ណា ដែលមានពណ៌ដូចគ្នា ទៅនឹងស្បែកជើងរបស់អ្នក ព្រោះវាមើលទៅស៊ីគ្នា ហើយស័ក្កសម និងស្រស់ស្អាត។