មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា អាកាសធាតុនៅក្នុងប្រទេសកម្ពុជាយើងឡើងកំដៅយ៉ាងខ្លាំង ហើយក្រសួងធនធានទឹក និងឧតុនិយមក៏បានព្យាករណ៍ផងដែរថា សីតុណ្ហភាពអតិបរមាអាចនឹងកើនឡើងចន្លោះពី ៣៨ ទៅដល់ ៤០អង្សាសេឯណោះ។ ហើយក្រសួងក៏បានប្រកាសឲ្យមានការប្រុងប្រយ័ត្ន ចំពោះកុមារតូចៗនៅក្នុងអំឡុងពេលអាកាសធាតុក្តៅហែងបែបនេះផងដែរ។

ហើយយោងតាមម្ចាស់គណនីហ្វេសប៊ុកម្នាក់ បានបង្ហាញពីរូបភាពសិស្សតូចកំពុងតែរៀននៅក្នុងបន្ទប់ បែកញើសស្រាក់ពេញខ្លួនតែម្តង ដោយសារតែអាកាសធាតុក្តៅ ហើយអគ្គិសនីត្រូវបានកាត់ផ្តាច់ថែមទៀត។ តាមរយៈម្ចាស់គណនីហ្វេសប៊ុករូបនោះបានឲ្យដឹងថា “រូបភាពខាងក្រោមនេះគឺជារូបភាពដែលថតពីទិដ្ឋភាពនៅក្នុងសាលាបឋមសិក្សាមួយ ដែលមានសិស្សតូចប្រហែល៧០នាក់។ អាកាសធាតុក្តៅហែង សិស្សតូចទាំងនេះកំពុងតែរៀនក្នុងបន្ទប់ដែលអគ្គិសនីត្រូវបានកាត់ផ្តាច់។ ខ្ញុំក្រលេកមើលទៅកូនតូចម្នាក់ដែលហូរញើសសស្រាក់ស្ទើខ្សោះជាតិទឹក កំពុងអង្គុយរៀន ខ្ញុំចេះតែនឹកគិតថាតើក្មេងតូចៗនេះ អាចរៀនចូលទេ? តើក្មេងតូចៗទាំងនេះក្តៅយ៉ាងណាទៅ បើសូម្បីតែខ្ញុំក៏ទ្រាំមិនចង់បានដែលនោះ? បើតាមសម្តីគ្រូប្រចាំថ្នាក់ មានសិស្សជាច្រើនមិនបានមករៀនព្រោះតែក្តៅពេក ហើយដាច់ភ្លើងទៀត។ ក្នុងនាមខ្ញុំជាអណាព្យាបាល (ទោះជាគ្មានកូនរៀននៅសាលារដ្ឋក៏ដោយ) ខ្ញុំសូមសំណូមពរទៅក្រសួងអបរំ ក៏ដូចជាអគ្គីសនីជាតិកម្ពុជា សូមមេត្តាពិនិត្យមើលតាមសាលារដ្ឋ បើអាចសូមមេត្តាកុំកាត់ផ្តាច់ភ្លើងពីសាលារៀន។ អរគុណ”៕