កាលពីថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្តាញសង្គមដោយមានករណីអ៊ុំស្រីវ័យចំណាស់មួយរូប ដែលទូលសណ្តែកដីលក់​ និងរើសអេតចាយចិញ្ចឹមជីវិត ទាំងកណ្តាលយប់អធ្រាត្រ។ ករណីនេះបានធ្វើឲ្យមានការចែករំលែកពេញបណ្តាញសង្គម ដោយមានការសម្តែងក្តីអាណិតអាសូរជាប៉ុនពេក ព្រោះតែម្តាយគេម្តាយយើង មិនគួរណាមកជួបជីវិតលំបាកបែបនេះឡើយ។

យ៉ាងណាមិញករណីនេះក៏បានលេចឮទៅដល់ស្រីស្អាត Ah Ry Nuon ដែលជាជនល្បីឈ្មោះមួយរូបក្នុងបណ្តាញសង្គម និងជាម្ចាស់ហាងសម្រស់ធម្មជាតិ ដែលតែងជួយទុក្ខលំបាកបងប្អូនខ្វះខាត ដោយនាងបានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា «ពុទ្ធោ! គ្រាន់តែឃេីញខ្ញុំស្រក់ទឹកភ្នែក។ តេីមានមនុស្សប៉ុន្មានអ្នកដែរស្រក់ទឹកភ្នែកដូចខ្ញុំ? ម៉ាក់យាយអេីយហត់ហេីយមិចក៏មិនទាន់សំរាកចឹង សំរាកខ្លះទៅម៉ាក់យាយចាំចៅជួយ។ ជួយស៊ែរផងបងប្អូនស្អែកខ្ញុំជួបម៉ាក់យាយហេីយ សំរាប់បងប្អូនដែលអាណិតគាត់អាចមកជួបជាមួយខ្ញុំបានណា។ បេីជាម៉ាក់យាយខ្ញុំ ខ្ញុំប្រហែលខ្លោចចិត្តស្លាប់ហេីយ លក់សណ្ដែកដីដល់ម៉ោង៣ភ្លឺ ដេីររេីសកំប៉ុងខ្លះទៅលក់អេដចាយ តិចទៀតបងប្អូននឹងបានឃេីញម៉ាក់យាយញញឹមហេីយចា៎»៕