បើនិយាយពីរឿងម៉ូដសក់ គឺជាភាពសំខាន់មួយរបស់បុរសគ្រប់រូប បន្ទាប់ពីការស្លៀកពាក់ ដែលពួកគេតែងតែផ្លាស់ប្ដូរម៉ូដសក់យ៉ាងហោចណាស់មួយដង ក្នុងមួយខែ មិនចាញ់នារីៗឡើយ។ ដូចនេះមុនពេលដែលអ្នកជ្រើសរើសម៉ូដសក់ ឲ្យស័ក្កសមជាមួយមុខរបស់អ្នក អ្នកត្រូវដឹងពីទម្រង់មុខរបស់អ្នកជាមុនសិន ថាមានទម្រង់បែបណា ហើយអ្នកអាចសាកល្បងជាមួយតិចនិកខាងក្រោមនេះបាន៖

ទី១. ទម្រង់មុខរាងពងក្រពើ៖ សម្រាប់ទម្រង់មុខបែបនេះ គឺប្រវែងមុខមានទំហំធំជាងប្រវែងថ្ពាល់ ហើយថ្ងាសមានទំហំធំជាងថ្គាម ដូចនេះអ្នកអាចជ្រើសរើសម៉ូដសក់ដែលឈូស ផ្នែកកៀនៗឲ្យរាងស្ដើង ហើយទុកសក់ខាងលើរាងក្រាស់បន្តិច ហើយបន្ថែមជាមួយការចាប់ម៉ូដបន្តិច វានឹងធ្វឲ្យអ្នកស្រស់ស្អាត ហើយទាក់ទាញ។

ទី២. ទម្រង់មុខរាងការ៉េ៖ ចំពោះអ្នកមានទម្រង់បែបនេះ អ្នកត្រូវជ្រើសរើសម៉ូដសក់ណា ដែលធ្វើឲ្យទម្រង់មុខរបស់អ្នករាងស្រួច ឬ វែងដូចជា ឈូសខាងក្រោម ហើយសិតទៅចំហៀង ឬ ឈូសឲ្យអស់ទុកតែបន្តិច មើលទៅរាងត្រងោល សម្រាប់អ្នកដែលមានសក់រួច។

ទី៣. ទម្រង់មុខរាងចតុកោណកែង៖ ប្រសិនបើអ្នកមានទម្រង់បែបនេះ គឺថ្ពាល់និងថ្គាមមានទំហំប៉ុនគ្នា ដូចនេះអ្នកគួរជ្រើសរើសម៉ូដសក់ ដែលរាងវែងបន្តិច ហើយទម្លាក់សក់ខាងមុខតិចៗ រឹតតែទាក់ទាញ។

ទី៤.ទម្រង់មុខរាងស្រួច៖ ទម្រង់មុខប្រភេទនេះ​ មានថ្គាម និង ថ្ងាសរាងតូច ស័ក្កសមជាមួយម៉ូដសក់ដែល រាងវែង ហើយគ្រប់ថ្ងាស ដោយសិតវែកទៅចំហៀង ខាងស្ដាំ ឬ ខាងឆ្វេងក៏បាន តាមចំណង់ចំណូលចិត្តរបស់អ្នក។

ទី៥.​ទម្រង់មុខរាងអក្សរវី៖ សម្រាប់ទម្រង់មុខប្រភេទនេះ មានភាពទាក់ទាញស្រាប់ ដូចនេះអ្នកគ្រាន់តែបន្ថែមនូវម៉ូដសក់​ដែលសិត ទៅលើខាងស្ដាំ ឬខាងឆ្វេង ដើម្បីឲ្យឃើញថ្ងាសរាងទូលាយ ប្រសិនបើអ្នកមានពុកមាត់តិចៗ រឹតតែស្រស់ស្អាតថែមមួយកម្រិតទៀត។