កាលពីពេលថ្មីៗនេះ មានការរិះគន់នៅក្នុងបណ្តាញសង្គមហ្វេសបុកនូវករណីភ្លើងឡើងថ្លៃលើសកម្រិត ទាំងដែលមួយរយៈក្រោយនេះពុំសូវបានប្រើប្រាស់គ្រប់គ្រាន់ ព្រោះតែបញ្ហាផ្តាច់ចរន្តអគ្គិសនី។ មហាជនជាច្រើនបានលើកយករឿងនេះមកពិភាក្សា និងប្រកាសស្វែងរកចម្លើយពីខាងអគ្គិសនីកម្ពុជា EDC នៅក្នុងបណ្តាញសង្គម ព្រោះម្នាក់ៗហាក់មិនអស់ចិត្តសោះឡើយ។

ក្នុងនោះអ្នកស្រី ម៉ម សុម៉ាលី​ ស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី​ ក៏បានស្នើសុំការបកស្រាយពីខាង EDC ដូចគ្នា ដោយអ្នកស្រីបានបង្ហោះសាររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ដូចគ្នានឹងភ្លេីងខ្ញុំគុណឡេីងថ្លៃដូចគ្នា បេីអាច EDC គួរពន្យល់រាស្ត្រឲ្យបានដឹង ដាច់ភ្លេីងខ្ញុំយល់ តែភ្លេីងថ្លៃជាងមុន ខ្ញំមិនយល់ទេ លោក EDC»។ យ៉ាងណាមិញបងប្អូនមហាជនជាច្រើនក៏ហាក់មិនខុសគ្នាពីអ្នកស្រីប៉ុន្មាននោះឡើយ ដោយសង្ឃឹមថាខាងអគ្គិសនីកម្ពុជា EDC នឹងធ្វើការបកស្រាយជូនឆាប់ៗនេះ៕