កាលពីថ្មីៗនេះករណីយុវជនសំរាម សម្អាតប្រឡាយទឹកស្អុយបឹងត្របែកហាក់ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំងនៅក្នុងបណ្តាញសង្គមខ្មែរ ដោយក្រុមយុវជនមួយក្រុមនេះបានដើរតួនាទីជាគំរូដ៏ល្អឲ្យយកត្រាប់តាម។ ក្រោយពីទទួលបានជោគជ័យមួយផ្នែកនៃការសម្អាតប្រព័ន្ធប្រឡាយទឹកមួយនេះ ពួកគាត់ក៏បានចេញដំណើរទៅសម្អាតនៅកន្លែងផ្សេងដែលមានដូចជាតំបន់ក្រោមស្ពានច្បារអំពៅជាដើម។

មុននេះបន្តិចស្រាប់តែប្រធានក្រុម យុវជនសំរាម លោក សាន ដារ៉ាវីត បានបង្ហោះដំណឹងល្អឲ្យដឹងថា «ជប៉ុនមានគំរោង៣ឆ្នាំក្នុង ការកែច្នៃប្រឡាយបឹងត្របែកឱ្យក្លាយជាកន្លែងចិញ្ចឹមត្រីដូចគ្នា ដូចទៅនឹងអ្វីដែលខ្ញុំបានស្រមៃ។ អ្វីដែលគួរយកចិត្តទុកដាក់បំផុតគឺធ្វើយ៉ាងណាឱ្យប្រជាជនយើងឈប់បោះសំរាមចូលទៅក្នុងប្រឡាយតទៅទៀត។ ខ្ញុំបាននិយាយហើយ គេចាំតែជួយទេ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើគឺជួយគ្នាជាមុនសិន។ បងប្អូនប្រជាពលរដ្ឋដែលបានអានហើយសូមជួយមើលថែ និងជួយថែរក្សាទាំងអស់គ្នា ប្រជាជនយើង ទីក្រុងយើង ប្រទេសយើង សូមអរគុណ ពីខ្ញុំ សាន ដារ៉ាវីត ក្រុមយុវជនសំរាម»៕