សព្វថ្ងៃនេះការផលិត និងដាក់លក់កាបូបប៊្រេនដែលក្លែងក្លាយក្នុងតម្លៃទាប នៅលើទីផ្សារហាក់មានការកើនឡើងយ៉ាងខ្លាំង ជាហេតុធ្វើឲ្យអ្នកនិយមប្រើប្រាស់ប្រ៊េនពិតប្រាកដពិបាកក្នុងការបែងចែករវាងរបស់ពិត និងក្លែងក្លាយ។ តើធ្វើដូចម្តេចដើម្បីមើលដឹងថាជាកាបូប ពិតប្រាកដ ឬក្លែងក្លាយ? ដូចនេះដើម្បីដឹងពីភាពខុសគ្នា អ្នកអាចសាកល្បងតាមវិធីខាងក្រោមនេះ៖

ទី១.ពិនិត្យលើថ្នេរដេរ៖​ ​ជាការពិតណាស់កាបូបប្រ៊េនពិតប្រាកដមានតម្លៃថ្លៃ ដោយសារតែភាពប្រណិតរបស់វា​ ដោយការដេរដោយដៃផ្ទាល់ ដូចនេះថ្នេរគ្រប់កន្លែងនូវលើកាបូបស្រស់ស្អាត មិនរលោះ ជាពិសេសលក្ខណៈរបស់ថ្នេរមិនសូវញឹកស្អេកស្កះ ដូចថ្នេរដេរដោយម៉ាស៊ីននោះទេ។

ទី២.ពិនិត្យទម្ពក់ និងខ្សែរូត៖​ ចំណុចទាំងពីរនេះក៏សំខាន់ដែរ ព្រោះកាបូបពិតប្រាកដតែងតែមានបោះឈ្មោះប្រ៊េនរបស់ខ្លួន នៅលើទម្ពក់ និងគ្រប់ផ្នែកតូចៗ​ ហើយជាពិសេសលើខ្សែរូត ជាមួយនឹងពណ៌ដែលជាប់បានយូរមិនងាយរបក ដូចនេះប្រសិនបើអ្នកទិញកាបូបប្រ៊េនពិតតែកន្លែងទាំងនោះងាយនឹង ហើរពណ៌បានន័យថាកាបូបអ្នកជារបស់ក្លែងក្លាយ។

ទី៣. ពិនិត្យមើលស្លាកប្រ៊េន៖ ជាទូទៅស្លាកឈ្មោះដែលដាក់នៅលើកាបូបប្រ៊េនក្លែងក្លាយ តែងតែប្រើពុម្ព និងទំហំអក្សរខុសៗគ្នាជាច្រើនបែប ហើយពេលខ្លះការដាក់ឈ្មោះខុសពី ប្រ៊េនពិតប្រាកដក៏មាន ដូចនេះងាយៗក្នុងការសម្គាល់ពីរបស់ពិត​ និងក្លែងក្លាយ។

ទី៤. ពិនិត្យលេខកូត៖ ចំពោះលេខកូតរបស់កាបូបពិត និងក្លែងក្លាយមានលក្ខណៈខុសគ្នាដាច់តែម្ដង ដោយកាបូបពិតប្រាកដចំណុចកន្លែងលេខកូត​ត្រូវបានគេដេរភ្ជាប់យ៉ាងល្អ ដោយមិនងាយនឹង រលុប ឬ ដាច់ ចំនែកឯកាបូបក្លែងក្លាយគ្រាន់តែបិត ឬ អ៊ុតលេខកូតដោយប្រើកាវតែប៉ុណ្ណោះ។

ទី៥. ពិនិត្យទៅលើលក្ខណៈខុសគ្នារបស់ប្រ៊េននីមួយ៖ មុនពេលដែលអ្នកទិញកាបូបប្រ៊េនណាមួយ​ អ្នកគួរតែស្រាវជ្រាវពីលក្ខណៈរបស់វាឲ្យបានច្បាស់លាស់ ព្រោះប្រ៊េននីមួយៗមានលក្ខណៈខុសៗគ្នាដូចជា ផ្នែកខាងក្នុងរបស់កាបូប ប្រ៊េន Dior តែងតែមានទ្រនាប់ក្នុងពណ៌ក្រហម ជាមួយឈ្មោះប្រ៊េន ដែលធ្វើមកពីសូត្រសុទ្ធ។