កាលពីថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ដោយមានករណីក្មេងប្រុសវ័យ១០ឆ្នាំម្នាក់ ជិះកង់លក់ការ៉េមដើម្បីស្វែករកប្រាក់រៀនបន្តនាពេលវិស្សមកាល។ ក្មេងប្រុសដែលមានឈ្មោះថា ស័កឌីដា តេងហ្សិរិ ឬប្អូន ភូមិ ដែលមានអាយុ១០ឆ្នាំ រៀនថ្នាក់ទី៥ នៃសាលា បានមឿងប៉ាក់សាមៈឃី ស្រុកប៉ាកធុងឆៃ ខេត្តនគរសីមា ប្រទេសថៃ ដែលបានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ក្រោយពីក្មេងប្រុសរូបនេះបានឆ្លៀតពេលទំនេរពីការសិក្សាមកប្រកបរបរជិះកង់លក់ការ៉េមនៅក្នុងភូមិ។

ក្នុងអំឡុងពេលវិស្សមកាលរបស់សាលារៀន ក្មេងប្រុស ភូមិ បានចេញពីផ្ទះតាំងពីម៉ោង៩ព្រឹក ដើម្បីទៅលក់ការ៉េម តាមភូមិ និងក្បែរវត្ត ដោយមានការទទួលគាំទ្រពីអ្នកភូមិជាច្រើន ម្យ៉ាងដោយខែនេះជាខែក្តៅផងនោះរឹតតែធ្វើឲ្យរបរលក់ការ៉េមរបស់ប្អូនហាក់កាន់តែលក់បានដាច់ជាងមុនទៅទៀត។

ប្អូន ភូមិ បានបញ្ជាក់ឲ្យដឹងថា គាត់បានប្រកបរបរលក់ការ៉េមនេះអស់រយៈពេល២ឆ្នាំមកហើយ ដោយម្តាយរបស់ប្អូនបានប្រាប់ថាគ្រួសារយើងមិនបានកើតមកជាអ្នកមាន តែបើយើងដឹងពីវិធីរករបស់ញ៉ាំ និងរកប្រាក់ នោះយើងនឹងមិនរស់អត់ឃ្លានស្លាប់នោះទេ។ របរលក់ការ៉េមនេះអាចធ្វើឲ្យប្អូនភូមិ រកបានមួយថ្ងៃ ១ ពាន់បាត ដោយគិតមកទល់ពេលនេះប្អូនប្រុសអាចសន្សំបានប្រាក់ចំនួន ២​ ម៉ឺនបាត ប្រាក់ទាំងនោះគឺសម្រាប់ផ្គត់ផ្គង់លើការសិក្សា និងជីវភាពប្រចាំថ្ងៃ៕ ប្រភព៖ Khaosod