ប្រហែលមុននេះបន្តិច ផ្ទុះការចែករំលែកពេញបណ្តាញសង្គមនូវករណីប៉ូលីសរូបសង្ហា ប្រចាំការស្តុប៤៣២ មហាវិថីព្រះមុន្នីវង្ស ជួយធ្វើការបោសសម្អាតផ្លូវក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍ដែលបុកក្បាលរបាំងចែកទ្រូងផ្លូវបណ្តាលឲ្យខូចខាត និងមានកំទេចកំទីពេញផ្លូវ។ តាមរយៈគណនីហ្វេសប៊ុករបស់លោកមន្ត្រីប៉ូលីសចរាចរណ៍វ័យក្មេងរូបសង្ហាដែលមានឈ្មោះថា សុវណ្ណ រីហ្គេន ដែលបានបង្ហោះរៀបរាប់ឲ្យដឹងថា «គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកក្បាលរបាំងខណ្ឌចែកទ្រូងផ្លូវ ផ្លូវព្រះមុន្នីវង្សនៅចំនុចស្តុប៤៣២ សូមបងប្អូនបើកបរត្រូវមានការប្រុងប្រយ័ត្នគោរពច្បាប់ចរាចណ៍ ២៤/០៤/២០១៩»។

ក្រោយមកគេសង្កេតឃើញថាមហាជនជាច្រើនបានសម្តែងកោតសរសើរ និងចែករំលែកពេញបណ្តាញសង្គមដោយនេះពិតជាគំរូដ៏ល្អពីលោកប៉ូលីសចរាចរណ៍ដែលបានជួយដល់សង្គម និងយកចិត្តទុកដាក់ចំពោះការងារ។ ដោយសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនឹងបើកបរដោយគោរពច្បាប់ចរាចរណ៍ ជាពិសេសមន្ត្រីប៉ូលីសដទៃគួរយកគំរូល្អៗតាម ដោយចូលរួមជួយធ្វើអំពើល្អទាំងអស់គ្នា៕