រឿន ណាត អតីតបវរកញ្ញាចក្រវាលតំណាងប្រទេសកម្ពុជា ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ថាជានារីមានរូបសម្រស់ស្រស់ស្អាត និងសក្តិសមជានារីតំណាងប្រទេស។ បើទោះជាមិនបានជ័យលាភីលើការប្រកួតបវរកញ្ញាឯកចក្រវាល តែការវិលត្រលប់ចូលមាតុភូមិរបស់ រឿន ណាត ហាក់ទទួលបានការស្វាគមន៍ និងការគាំទ្រជាខ្លាំងពីសំណាក់បងប្អូនមហាជន។

ថ្មីៗនេះដែលគេសង្កេតឃើញថា អតីតបវរកញ្ញារូបនេះ ហាក់មានភាពមមាញឹកជាខ្លាំងដោយរូបនាងទទួលបានការងារមកបន្តបន្ទាប់គ្នាជានិច្ច មិនថាជាការដើរបង្ហាញម៉ូដ ឬក៏ថតពាណិជ្ជកម្មតំណាងផលិតផលនោះឡើយ ជាពិសេសក្រោយពីបានឈានចូលវិស័យសម្តែងរូបនាងហាក់រឹតតែមានទីផ្សាខ្ពស់មួយកម្រិតទៀត។ ជាក់ស្តែងកាលពីថ្មីៗនេះកញ្ញា រឿន ណាត ធ្លាប់ធ្វើឲ្យបងប្អូនភ្ញាក់ផ្អើលម្តងរួចមកហើយតាមរយៈការសម្តែងខ្សែរឿងខ្លី ពេលនេះមិនខុសគ្នាពីពេលមុនប៉ុន្មាននោះឡើយ ដោយនារីស្រស់ស្អាតមួយរូបនេះបានចូលថតចម្រៀងកាយវិការនៅក្រុមហ៊ុនរស្មីហង្សមាស ដោយបានចាប់ដៃគូសម្តែងជាមួយលោក ហ្សូណូ អ្នកចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា។ គេសង្កេតឃើញថាមានការចាប់អារម្មណ៍នឹងគាំទ្រពីសំណាក់បងប្អូនមហាជន ដោយគ្រប់គ្នារង់ចាំមើលស្នាដៃ MV ដែលចេញមកយ៉ាងអន្ទះអន្ទែង៕