ប្រហែលជាមានបងប្អូនតិចណាស់ដែលបានស្គាល់ រក្សា ឬ ចូចូ ដោយភាគច្រើនគាត់ពុំសូវបានចេញសម្តែងប៉ុន្មាននោះឡើយ ដោយគាត់មានតួនាទីជាអ្នកផាត់មុខធ្វើសក់។ ស្រាប់តែមុននេះបន្តិចតាមរយៈប្រភពលោក អ៊ឹម ជីវ៉ា បានបង្ហោះរៀបរាប់ឲ្យដឹងថា អ្នកផាត់មុខធ្វើសក់ឲ្យតារារូបនេះធ្លាក់ខ្លួនឈឺជម្ងឺបេះដូង និងឈាមសស៊ីឈាមក្រហម ដោយមិនហ៊ានត្អូញត្អែរទាររកជំនួយព្រោះតែខ្លាចបងប្អូនរិះគន។

លោក អ៊ឹម ជីវ៉ា បានសរសេររៀបរាប់ឲ្យដឹងថា «អាណិតគាត់ណាស់ លោករក្សា ឬ ចែចូចូ គាត់គឺសិល្បករមួយរូប និងជាអ្នកជំនាញផាត់មុខធ្វើសក់ តែពេលនេះគាត់ធ្លាក់ខ្លួនឈឺ ដោយជំងឺបេះដូងរីក និងជំងឺឈាមសសុីឈាមក្រហម។ ទោះបី រក្សា ធ្លាក់ខ្លួនឈឺគ្មានថវិកាព្យាបាលក៏ប្អូនមិនហ៊ានមាត់ករឲ្យអ្នកណាដឹងឡើយ គឺប្អូនសុខចិត្តដេកឈឺនៅផ្ទះជួលមិនហ៊ានប្រាប់គេអោយដឹងឡើយ ដោយសារតែប្អូនខ្លាចគេថាអ្នកសិល្បៈអោយតែពេលធ្លាក់ខ្លួនឈឺគឺសុំជំនួយ។ ដូចនេះហើយបានប្អូនសុខចិត្តលំបាកវេទនាខំប្រឹងទៅថតផង តុបតែងមុខអោយគេផង ទាំងឈឺ ដើម្បីបានលុយតិចតួចមកព្យាបាលជំងឺ។

ខ្ញុំជួបគាត់នៅពេលដែលគាត់មកជួយនៅសង្រ្កាន្តច្បារអំពៅ ហើយខ្ញុំឃើញរូបរាងគាត់ស្គមស្គាំងទឹកមុខស្លេកស្លាំង គឺឃើញសភាពដែលសឹងតែគួអោយមិនជឿ ដែលកាលពីមុនប្អូន មានរាងធាត់ទម្ងន់ប្រហែល៨០គឺឡូ ស្រកគឺឡូនៅមិនដល់៤០គឺឡូផង។ អ្វីដែលជាការសំណូមពររបស់ខ្ញុំសូមអោយបងប្អូនទាំងអស់បងប្អូនណាដែលមានលទ្ធភាពជួយគាត់ផង ជាពិសេសសិល្បករគ្នាឯងជាជំហ៊ានមុខ។ ជួយទៅតាមទឹកចិត្ត ជួយទាន់មនុស្សអាចឈរបាន ដើរបាន ជួយអ្នកណាក៏ដោយកុំជួយពេលមនុស្សជិតស្លាប់ វាជាការហួសពេលហើយ។ បើបងប្អូនណាមិនបានជួយសូមមេត្តា កុំរើសអើងមើលងាយជេរប្រមាថអី មនុស្សយើងម្នាក់ៗគ្មានអ្នកណាល្អគ្រប់ដប់ទេ ហើយជំងឺអ្នកណាក៏មានដែរគ្រាន់តែតិចហើយនិងច្រើន កុំសើចយំគេ គ្មានអ្នកណារួចផុតពីសេចក្តីស្លាប់បានឡើយ តែបើនៅមានជីវិតត្រូវសាងល្អអោយបានច្រើន។ ថវិការបន្តិចបន្តួចដែលខ្ញុំបាទមានរួមជាមួយ សូមបង ហ៊ួត ថៃ បង លី សុខជុន ជួយដល់ប្អូន ជូនពរប្អូនមានសុខភាពល្អឆាប់ជាសះស្បើយ។ ដោយក្តីគោរពៈ អ៊ឹម ជីវ៉ា»៕