ពេជ្រ សូលីកា តារាចម្រៀង និងអ្នកសម្តែងស្រីដែលជាដៃគូដ៏សក្តិសមរបស់លោក នីកូ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងទទួលបានការគាំទ្រខ្លាំងនាពេលថ្មីៗនេះក្រោយពីការវិលត្រលប់ចូលសិល្បៈវិញរបស់នាង។ បងប្អូនប្រិយមិត្តភាគច្រើនស្គាល់ ពេជ្រ សូលីកា ច្បាស់ជាលើកដំបូងពេលដែលនាងបង្ហាញខ្លួនសម្តែងក្នុងបទលោក នីកូ “ឱបបងនឹកគេ” ក្រោយមកនាងក៏បានចាប់អាជីពជាតារាចម្រៀងដោយមានចម្រៀងល្បីៗជាច្រើនបទដូចជាបទ “បើសិន”, “ឬគិតថាអូនមិនយំ” ជាដើម។ កំពុងតែល្បី និងទទួលការគាំទ្រសុខៗ ស្រាប់តែតារាស្រីរូបនេះបានបាត់ខ្លួនពីពិភពសិល្បៈដោយពុំបានដឹងមូលហេតុ ស្រាប់តែនៅដើមឆ្នាំ២០១៨ គេបានឃើញវត្តមានរបស់នាងត្រលប់ចូលសិល្បៈវិញ ដោយបានចាប់ដៃគូជាមួយលោក នីកូ ក្នុងបទ “លាក់បាំង”។

យ៉ាងណាមិញប្រិយមិត្តជាច្រើនហាក់ងឿងឆ្ងល់ជាខ្លាំងចំពោះរឿងនាងចាកចេញពីពិភពសិល្បៈ និងការវិលត្រលប់ចូលវិញ ដោយគ្រប់គ្នាចង់ដឹងពីមូលហេតុ។ ពេលនេះចម្ងល់ទាំងអស់ត្រូវបានបកស្រាយតាមរយៈកម្មវិធី 3 FUN CAMBODIA ដោយនាងបានបង្ហើបប្រាបពីមូលហេតុដែលនាងចាកចេញថា ព្រោះតែរូបនាងពុំអាចទទួលយកបាននូវការវាយប្រហាររបស់ក្រុមសារព័ត៌មានដែលបានចុះរឿងមិនពិត និងមិនបានសួរនាំសាមីខ្លួនជាមុន ដែលជាហេតុធ្វើឲ្យនាងសម្រេចចិត្តសម្រាកពីពិភពសិល្បៈមួយរយៈ។ ប្រហែលជាបីឆ្នាំក្រោយមក នាង ត្រូវបានលោក នីកូ សួរនាំ និងទាក់ទងដោយបានបញ្ចុះបញ្ចូលនាងដើម្បីធ្វើស្នាដៃចម្រៀងថ្មីរួមគ្នា នោះគឺបទ “លាក់បាំង” ដែលទទួលបានការគាំទ្រខ្លាំងនៅក្នុងឆ្នាំ២០១៨ នេះឯង។

ក្រៅពីនេះកម្មវិធី 3 FUN CAMBODIA ក៏បានជជីកសួរគាស់កាយជាមួយប្រវត្តិកាលពីរូបនាងចូលសិល្បៈដំបូង និងរូបពីកុមារភាព ដែលកាត់សក់ខ្លី ពាក់វ៉ែនតាខ្មៅប្រៀបដូចជាក្មេងប្រុស។ លើសពីនេះ ពេជ្រ សូលីកា មិនត្រឹមតែជាតារាស្រីនោះឡើយ រូបនាងក៏ជាមេផ្ទះមួយរូបដែលអាចធ្វើម្ហូប និងបង្អែមយ៉ាងឆ្ងាញ់ពិសាផងដែរ៕