ចូលដល់វ័យ 50 ឆ្នាំ មនុស្សគ្រប់រូបតែងតែមានបម្រែបម្រួលពីក្មេង ទៅចាស់ ដោយមិនអាចប្រកែកជាមួយនឹង ច្បាប់ធម្មជាតិបាន ប៉ុន្តែស្ត្រី និងបុរសជនជាតិកូរ៉េនៅអាយុស្របាលនេះ មើលទៅក្មេងជាងវ័យ ហើយស្បែករបស់ពួកគេមានសុខភាពល្អនិង មិនជ្រួញទៀតផង។ ជាមួយគ្នានេះដែរ ថ្ងៃនេះយើងនឹងបង្ហាញពីអាថ៌កំបាំង ក្នុងការថែរក្សាស្បែករបស់ពួកគេដែលមានដូចតទៅ៖

ទី១.ម៉ាស្សាមុខ ១០នាទី៖​ ដើម្បីធ្វើឱ្យស្បែករបស់អ្នកមើលទៅស្រស់ស្អាត មានសុខភាពល្អ អ្នកត្រូវធ្វើការម៉ាស្សាមុខ ជាមួយនឹងគ្រីមដែលផ្ដល់សំណើម ត្រឹមរយៈពេលតែ ១០នាទីប៉ុណ្ណោះរៀងរាល់ពេលងូតទឹក។

ទី២. ម៉ាស្សាមុខ ដោយប្រើកន្សែងក្ដៅឧណ្ឌៗ៖ វិធីមួយនេះពិតជាមានភាពងាយស្រួលសម្រាប់អ្នកខ្ជិល ដោយគ្រាន់តែយកយកកន្សែង ទៅត្រាំនឹងទឹកក្ដៅឧណ្ឌ ហើយគ្រប់លើមុខ ហើយជូតថ្នមៗទុករយៈពេល​ ១៥នាទី រួចលាបគ្រីមផ្ដល់សំណើមដល់ស្បែកមុខ រួចជាការស្រេច។

ទី៣. ជេលកោរពុកមាត់៖ ស្រីៗកូរ៉េភាគច្រើន បានបង្ហាញថាជែលសម្រាប់កោរពុកមាត់របស់បុរស មានប្រសិទ្ធយ៉ាងខ្លាំងប្រឆាំង នឹងការកើតមុន ដូចនេះងាយៗដោយគ្រាន់តែលាបវានៅលើផ្ទៃមុខដោយទុករយៈពេលត្រឺមតែ ១០​​ ទៅ ១៥នាទី រួចលាងចេញ អនុវត្តយ៉ាងតិច ឲ្យបាន ២ដង ក្នុងមួយសប្ដាហ៍។

ទី៤.អំបិល៖ អំបិលមានប្រសិទ្ធភាពខ្ពស់ក្នុងការសំអាតផ្ទៃមុខ ដូចជាមុនក្បាលខ្មៅ ការរលាកស្បែក ជួយបង្រួមរន្ធញើស ដោយគ្រាន់តែលាយអំបិល ១ស្លាបព្រា ជាមួយទឹកក្ដៅឧណ្ឌៗ ១កែវ ហើយជូតសំអាតទៅលើផ្ទៃមុខ ជាមួយនឹងសំឡីជូតមុខ នោះផ្ទៃមុខរបស់អ្នកនឹង ប្រែមកជាស្រស់ថ្លា។

ទី៥. ទឹកសណ្ដែកសៀង៖ លក្ខណៈពិសេសរបស់ទឹកសណ្ដែកសៀង គឺសំបូរទៅដោយវីតាមីនជំនួយដល់ស្បែក និងមិនមានជាតិខ្លាញ់ ដែលសាកសមក្នុងការថែរក្សាស្បែករបស់អ្នក ដូចនេះអ្នកគ្រាន់តែ​យកក្រណាត់ស្អាតមួយ ឬក៏សំឡីជូតមុខ ជ្រលក់ទឹកសណ្ដែកសៀង ហើយបិតនៅលើផ្ទៃមុខ ដោយទុករយៈពេល ១៥ ទៅ ២០នាទី រួចលាងសម្អាត អនុវត្តបែបនេះឲ្យបានពីរដង ក្នុងមួយសប្ដាហ៍ នឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។