កាលពីថ្មីៗនេះ តារាវីដេអូសាកចិត្តលោក តាន់ គឹមសួរ បានធ្វើឲ្យមហាជនកោតសរសើរ និងចាប់អារម្មណ៍ជាខ្លាំងក្រោយពីលោកបានឡើងភ្នំឱរ៉ាល់ ធ្វើជាសកម្មជនការពារព្រៃឈើជាលើកទី៧ ដែលដំណឹងនេះហាក់រីកសុះសាយពេញបណ្តាញសង្គមខ្មែរ។ ក្នុងនោះក្រសួងបរិស្ថានកម្ពុជាក៏ហាក់ទទួលបានដឹងឮ ព្រមទាំងបានណាត់ជួបសំណេះសំណាលគ្នាជាមួយលោក តាន់ គឹមសួរ ផងដែរ។ តាមរយៈប្រភពហ្វេសប៊ុករបស់លោកបានសរសេររៀបរាប់ឲ្យដឹងថា

«ថ្ងៃនេះពួកយើងពិតជាមានកិត្តិយស និងសេចក្តីរំភើបជាខ្លាំងដែលបានជួបសំណេះសំណាលជាមួយបងប្រុស Neth Pheaktra អ្នកនាំពាក្យនៃក្រសួងបរិស្ថាន ពាក់ព័ន្ធអំពីការដាំកូនឈើចំនួន១០ម៉ឺនដើមទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល១២ម៉ោង​ ដើម្បីរួមចំណែកជួយសង្គ្រោះអាយុជិវិតផែនដីមួយនេះ។ ពិតជាអរគុណបងប្រុសខ្លាំងណាស់ចំពោះការចង្អុរបង្ហាញ និងចែករំលែកបទពិសោធន៍នានាទាក់ទងព្រៃឈើនិងសត្វព្រៃ។ យោងតាមប្រសាសន៍របស់បងប្រុស នេត្រ ភ័ក្ត្រា បានឲ្យដឹងថា៖ ក្រសួងបរិស្ថានមានការគាំទ្រ និងចូលរួមសហការជ្រោមជ្រែងយ៉ាងពេញទំហឹងជាមួយបេសកកម្មមួយនេះ។ នេះពិតជាដំណឹងដ៏ល្អមួយសម្រាប់ពួកយើង អរគុណបងប្រុស សាយ សំអាល់ ដែលតែងតែគាំទ្រសកម្មភាពការពារព្រៃឈើរបស់ពួកយើង តែបើសិនជាគ្មានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងប្រជាជនតាមតំបន់គ្រប់ខេត្តក្រុងទេ ពួកយើងនឹងមិនអាចដំណើរការកម្មវិធីនេះបានជាដាច់ខាត។ កុំចាំទាល់តែវិនាស ទើបរកវិធីដោះស្រាយ។ យើងមិនអាចទប់ស្កាត់ការបំផ្លាញបានក៏ពិតមែន ប៉ុន្តែយើងអាចរួមគ្នាបង្កើត និងថែរក្សាការពារធនធានដែលនៅសេសសល់បាន។ ខ្មែររួមខ្មែរខ្លាំង កុំថាឡើយ១០ម៉ឺនដើម ទោះ១០លានដើមក៏ធ្វើបានដែរ»៕