អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីចោទសួរថា “កាលសម័យ ប៉ុល ពត ធ្វើការទាំងថ្ងៃក្តៅហែង ហើយគ្មានទាំងភ្លើងប្រើប្រាស់ផងនៅតស៊ូរស់បាន ចុះពេលនេះគ្រាន់តែដាច់ភ្លើងមួយរយៈសោះ ហេតុអ្វីនាំគ្នាស្រែកថ្ងូរ?”
សង្គម April 26, 2019 SAM

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ ដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាបញ្ចេញមតិជាច្រើនទាក់ទងនឹងករណីផ្អាកការផ្គត់ផ្គង់អគ្គិសនីទៅតាមតំបន់ និងវេន ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ។ ទាក់ទងនឹងករណីនេះផងដែរ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ទិត សុធា បានបង្ហោះសារចោទសួរថា “កាលសម័យ ប៉ុល ពត ធ្វើការទាំងថ្ងៃក្តៅហែងបាន ចុះគ្រាន់តែដាច់ភ្លើងមួយរយៈសោះ ហេតុអ្វីនាំគ្នាស្រែកថ្ងូរ?”។

លោកបានឲ្យដឹងដូច្នេះថា “សម័យប៉ុល ពត នៅពេលគេបង្ខំឱ្យធ្វើការទាំងថ្ងៃក្តៅហែង យប់គ្មានពេលសម្រាក រស់នៅមិនបានជុំគ្រួសារ គ្មានម៉ាស៊ីនត្រជាក់ គ្មានកង្ហា គ្មានភ្លើងប្រើប្រាស់ គ្មានចំណីអាហារគ្រប់គ្រាន់ ម៉េចក៏ចេះតស៊ូរស់បាន ចុះពេលនេះ គ្រាន់តែខកខានប្រើប្រាស់ភ្លើងមួយរយៈ ហេតុអ្វីក៏ស្រែកថ្ងូរយ៉ាងនេះ? អាចមកពីធ្លាប់បានរស់នៅសុខស្រួល ទើបពិបាកទ្រាំនឹងការលំបាក។ ទោះយ៉ាងណា រាជរដ្ឋាភិបាលបាននិងកំពុងប្រឹងប្រែងដោះស្រាយបញ្ហាភ្លើងអគ្គីសនីដែលនាំឱ្យពលរដ្ឋប្រឈមនឹងការលំបាកខ្លះៗនេះ និងបានសូមការយោគយល់ អភ័យទោសចំពោះបញ្ហាដែលបានកើតឡើង និងសូមបងប្អូនប្រជាពលរដ្ឋអត់ធ្មត់។ បញ្ហាខ្វះខាតភ្លើងនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗ។ ជាការពិតដាច់ភ្លើងដូចតែគ្នា មិនថា ផ្ទះប្រជាពលរដ្ឋ ឬរដ្ឋមន្ត្រី ឬក៏ថ្នាក់ដឹកនាំរូបណាទេ ផ្ទះខ្ញុំក៏ដាច់ភ្លើងដែរពេលនេះ!!!”៕