ជាការពិតណាស់ដោយសារតែចង់តុបតែងលម្អ កូនៗឲ្យបានស្អាត អ្នកម្ដាយគ្រប់រូប ត្រូវចំណាយប្រាក់យ៉ាងហោចណាស់​ ១០% នៃប្រាក់ចំណូល ជារៀងរាល់ខែទៅលើសម្លៀកបំពាក់របស់កូនៗ។ ប៉ុន្តែអ្នកមិនដែលនឹកឃើញពីការច្នៃប្រឌិត សម្លៀកបំពាក់ចាស់ៗ ឡើងវិញសម្រាប់កូនរបស់អ្នកឡើយ ដូចនេះអ្នកអាចចាប់ផ្ដើមសាកល្បងជាមួយវិធីងាយៗខាងក្រោមនេះ៖

ទី១. ខោអៀម៖ ច្នៃខោអៀមដ៏ស្រស់ស្អាត និងទាន់សម័យសម្រាប់កូនៗ ជាមួយអាវធំដែលអ្នកឈប់ប្រើ ដោយគ្រាន់តែបត់វាជាពីរ ហើយយកអាវរបស់កូនអ្នកមកវាស់ឲ្យត្រូវទំហំ រួចកាត់ឲ្យចេញជារូបរាង និងដេរភ្ជាប់រួចជាការស្រេច។

ទី២. រ៉ូប៖ អ្នកអាចច្នៃរ៉ូបខ្ជូតៗ ជាមួយនឹងអាវដែលចាស់ៗរបស់អ្នក និងកូន ដោយគ្រាន់តែកាត់អាវរបស់កូន ផ្នែកខាងក្រោមចេញ ហើយកាត់អាវផ្នែកខាងលើរបស់អ្នកដូចគ្នា រួចដេរភ្ជាប់អាវទាំងពីរជាប់គ្នា​ នោះវានឹងចេញរូបរាងជារ៉ូបដ៏ស្រស់ស្អាតមួយ។

ទី៣. ខោរឹបរាង៖ ជាធម្មតាកូនក្មេងតូចៗ ចូលចិត្តស្លៀកខោរឹបជាមួយសំពត់ពេលទៅសាលារៀន ដូចនេះដើម្បីកាត់បន្ថយការចំណាយច្រើន អ្នកត្រូវយកស្រោមជើងដែលឈប់ប្រើ មកកាត់ផ្នែកខាងក្រោម និងកៀន តែកុំឲ្យដល់លើ ធ្វើបែបនេះទាំងសងខាង ហើយដេរភ្ជាប់ផ្នែកដែលកាត់នោះចូលគ្នា​ វា​នឹងក្លាយទៅជាខោរឹបសម្រាប់កូនរបស់អ្នក។

ទី៤.សំពត់៖ ចំពោះអាវយឺតប្រលាក់ដែលអ្នកឈប់ប្រើ កុំបោះវាចោល ព្រោះអាចច្នៃជាសំពត់សម្រាប់កូនៗបាន ដោយគ្រាន់តែកាត់ផ្នែកខាងលើចេញ ហើយកាត់អាវដែលនៅសល់ជាពីរផ្នែក រួចដេរបត់ផ្នែកទី១ជាផ្នត់តូចៗ ច្នៃជាម៉ូដ និងយកផ្នែកទី២ មកដេរភ្ជាប់ជាចង្កេះសំពត់ រួចជាការស្រេច។

ទី៥.​ខាខាប៊យ៖ ប្រភេទខោខាប៊យរបស់ក្មេងពិតជាមានតំលៃថ្លៃជាង ខោអាវធម្មតា តែអ្នកអាចច្នៃខោខាប៊យចាស់ៗ សម្រាប់កូនរបស់អ្នកបាន ដោយត្រូវបត់ខោខាប៊យ ជាពីរ រួចយកខោកូនរបស់អ្នកមកវាស់ពីលើ ហើយកាត់ បន្ទាប់មកដេរភ្ជាប់ផ្នែកដែលកាត់រួច ហើយបន្ថែមនៅក្រណាត់យឺតៗ ត្រង់ចង្កេះ និងជើង ដើម្បីមានភាពងាយស្រួលក្នុងពេលស្លៀក។