យោងតាមសេចក្តីប្រកាសព័ត៌មាន ពីក្រសួងមហាផ្ទៃបានអោយដឹងថា នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩ នេះមានករណីឃាត់ខ្លួនជនល្មើស ០៣រូប ដែលនាំសាច់ប្រាក់ចូលមកកម្ពុជាដោយគ្មានប្រភពច្បាស់លាស់ ដោយក្នុងនោះសមត្ថកិច្ចក៏បានឃាត់បានប្រាក់ដុល្លារជាង៣លានដុល្លារផងដែរ។ បន្ទាប់ពីការឃាត់ខ្លួនសួរចម្លើយ និងត្រួតពិនិត្យឯកសាររបស់ជនសង្ស័យទាំង ០៣ រួចមក សមត្ថកិច្ចបានរៀបចំបែបបទបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមតែច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តអោយដឹងទៀតថា ជនសង្ស័យ ចំនួន ៣ រូប ដែលបាននាំចូលសាច់ប្រាក់ចំនួន ៣,៥២០,០០០ ដុល្លារអាមេរិក ដោយពុំមានការបញ្ជាក់អំពីប្រភពហិរញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកព្រះរាជាណាចក្រកម្ពុជា។ ជនល្មេីសទាំង៣នាក់រួមមានទី១- ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខEC9259330 មុខរបរ មិនពិតប្រាកដ,​ ទី២-ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែនលេខED4367915 មុខរបរ មិនពិតប្រាកដ,​ និងទី៣- ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ៕