ជារឿងដែលគួរឲ្យព្រួយបារម្ភមួយ នៅពេលដែលអ្នកទៅហែលទឹកកំសាន្តនៅតាមទីកន្លែងសាធារណៈដូចជា ក្នុងសណ្ឋាគារ ឬ រីសតជាដើម ដែលមនុស្សជាច្រើនគិតថាការគ្រោះថ្នាក់ដែលកើតមានឡើងនៅពេលហែលទឺកភាគច្រើនបណ្ដាលមកពីការលង់ទឹក ។ ផ្ទុយទៅវិញការហែលទឹកនៅតាមកន្លែងទាំងនោះផ្ដល់នូវគ្រោះថ្នាក់ជាច្រើនទៀតដែលអ្នកនឹកស្មានមិនដល់ដូចជា៖

ទី១.​ការឆ្លងមេរោគ៖ ការសិក្សាស្រាជ្រាវមួយបានបង្ហាញថា គេបានធ្វើតេស្តទៅលើការចម្រោះទឹក ហើយបានរកឃើញប្រភេទពពួកបាក់តេរីដែលមាននៅក្នុងលាមករហូតដល់ 58% ដូច្នេះការលេបទឹកនៅក្នុងអាងទឹកកខ្វក់អាចនាំឱ្យមានជំងឺរាគរូស ក្អួតចង្អោរ និងក្រពះរហូតដល់ពេល 3 សប្តាហ៍។

ទី២.មានបញ្ហាត្រចៀក៖ បន្ទាប់ពីការហែលទឹក អ្នកអាចនឹងមានអាការៈហឹងត្រចៀក ដោយសារតែទឹកបានចូលក្នុងត្រចៀក ដូចនេះបើអ្នកមិនប្រញាប់ក្នុងការសម្អាតត្រចៀករបស់អ្នកទេ ទឹកទាំងនោះនឹងក្លាយជាប្រភពរបស់ពពួកបាក់តេរីផ្សេងៗ ដែលអាចធ្វើឲ្យអ្នកកើតមានជំងឺត្រចៀកធ្ងន់ធ្ងរផងដែរ។

ទី៣. មានផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកកើតជំងឺហើត៖ ចំពោះអ្នកកើតជំងឺហើតមិនគួរហែលទឹកនៅក្នុងអាងហែលទឹកនោះទេ​ ព្រោះសារធាតុក្លរ ប៉ះជាមួយនឹងញើស នឹងសារធាតុកខ្វក់ផ្សេងៗនៅក្នុងទឹក បង្កើតបានជាក្លិនមិនល្អ និងខ្លាំង ដែលជាហេតុធ្វើឲ្យអ្នកកើតជំងឺប្រភេទនេះ មានបញ្ហារលាកសួតបាន។

ទី៤. គ្រោះថ្នាក់ធ្ងន់ធ្ងរដោយការលង់ទឹក៖ មានមនុស្សមិនច្រើនទេដែលក្នុងអំឡុងពេលលង់ទឹក មានការជួយសង្គ្រោះទាន់ពេលវេលា ប៉ុន្តែក៏ស្ថិតនៅក្រោមគ្រោះថ្នាក់ធ្ងន់ធ្ងរដែរ ដោយការឈ្លក់ទឹកដែលមានអាការៈ ក្អក់ និងពិបាកស្រូបយកខ្យល់ បើមិនជួយសង្គ្រោះទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់ដល់ជីវិត។

ទី៥.​ធ្វើឲ្យសក់ខូច៖ ក្លរីន គឺជាសារធាតុគីមីម្យ៉ាងដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់បាក់តេរី ហើយវាក៏ធ្វើឲ្យសក់របស់អ្នកខូចផងដែរ ដោយសារធាតុរបស់វាកាត់ជាតិប្រេងដែលមានក្នុងសរសៃសក់របស់អ្នក ហើយសក់របស់អ្នកនឹងប្រែជាស្ងួត ផុយ ឆាប់ដាច់។