នៅពេលដែលស្បែកជើងរបស់អ្នកមានស្នាមប្រឡាក់ម្ដងៗ តើអ្នកពិបាកក្នុងការសម្អាតដែរ ឬទេ? ហើយអ្នកសម្អាតវាដោយរបៀបណា? ជាការពិតណាស់ការសម្អាតស្បែកជើងមិនបានត្រឹមត្រូវ និងញឹកញាប់ពេក អាចធ្វើឲ្យស្បែកជើងរបស់អ្នកឆាប់ខូច ដែលជាមូលហេតុធ្វើឲ្យអ្នកចំណាយប្រាក់ជាច្រើនទិញស្បែកជើងថ្មី ប៉ុន្តែអ្នកអាចកាត់បន្ថយចំនាយនេះបានប្រសិនបើអ្នកសម្អាតស្បែកជើងជាមួយនឹង របស់ងាយៗអស់ទាំងនេះ៖

ទី១. ជ័រលុប៖ អ្នកប្រាកដជាមិននឹកស្មានទេថា ជ័រលុបអាចសម្អាតស្នាមប្រឡាក់នៅគែមស្បែកជើងរបស់អ្នកបានយ៉ាងងាយ ដោយគ្រាន់តែយកវាទៅដុសនៅកន្លែងប្រឡាក់ទាំងនោះរហូតដល់ជ្រះអស់ រួចជាការស្រេច។

ទី២.​ទៀន៖ សម្រាប់ស្បែកជើងប្រភេទស្បែក អ្នកអាចប្រើប្រាស់ទៀនមកដុសរូស នៅបរិវេណស្បែកជើងឲ្យសព្វ ដើម្បីការពារពីការប្រលាក់ទឹក ព្រោះនៅពេលដែលស្បែកជើងប្រភេទនេះត្រូវទឹក វានឹងដិតជាប់បានយូរ មិនងាយរលុបនោះទេ។

ទី៣.សំបកចេក៖ នៅពេលដែលស្បែកជើងប៊ូតរបស់អ្នករាងចាស់ ឬមានស្នាមប្រឡាក់ វានឹងប្រែមកជាថ្មីឡើងវិញ ដោយគ្រាន់តែយកសំបកចេកមកជូតសម្អាត កន្លែងដែលមានស្នាមប្រឡាក់ទាំងនោះ ហើយជូតសម្អាតឡើងវិញដោយប្រើក្រណាត់ស្អាត។

ទី៤.​ថ្នាំដុសធ្មេញ៖ ស្នាមប្រឡាក់នៅគែមពណ៌សរបស់ស្បែកជើង ដែលពិបាកក្នុងការសម្អាត មិនមែនជាបញ្ហាទេ ប្រសិនបើអ្នកយកថ្នាំដុសធ្មេញមកដុស នៅកន្លែងទាំងនោះ រហូតដល់ស្នាមប្រឡាក់បាត់អស់ ហើយជូតសម្អាតចេញ វានឹងប្រែមកជាស្អាតដូចស្បែកជើងទើបនឹងទិញទៀតផង។

ទី៥.ម្សៅហុយរបស់កូនក្មេង៖ ផ្នែកខាងក្នុងរបស់ស្បែកជើង មិនត្រឹមតែពិបាកក្នុងការសម្អាតនោះទេ ថែមទាំងមានក្លិនមិនល្អទៀតផង ដូចនេះដើម្បីកម្ចាត់ក្លិនមិនល្អនោះ អ្នកគ្រាន់តែយកម្សៅហុយរបស់កូនក្មេង មកចាក់ក្នុងស្បែកជើង ហើយទុកចោល វានិងមានក្លិនក្រអូប និងបំបាត់ក្លិនទាំងនោះយ៉ាងឆាប់រហ័ស។