ភ្នំគូលែន គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដែលមានទឹកធ្លាក់ត្រជាក់ និងទេសភាពស្រស់ស្អាតអមជ្រលងជ្រោះ ដែលមានទីតាំងស្ថិតនៅឯស្រុកស្វាយលើ និងស្រុកវ៉ារិន ចំងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ២៥គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។ ជារៀងរាល់ឆ្នាំតំបន់រមណីយដ្ឋានទេសចរណ៍មួយនេះតែងមានភ្ញៀវទៅទស្សនាមិនលួសមួយថ្ងៃណាសោះឡើយ ព្រោះតែមានទាំងវត្ត ប្រាសាទ ទីតាំងផែនទីក្រុងអង្គរ និងទឹកធ្លាក់។

ស្រាប់តែមុននេះបន្តិចផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមតាមរយៈគណនីដែលមានឈ្មោះថា Ping Roes ដោយបានបង្ហោះរូបភាពជាមួយសារដាស់តឿនមួយឃ្លាថា «កូនខ្ងុំបានលង់ទឹកនៅទីនេះ (ផឹកទឹកលិចបាត់ តែជួយទាន់) សូមប្រយ័ត្ននៅកន្លែងគេហៅថាវាលព្រះគម្លង់ ជាន់ទី១ ភ្នំគូលែន កន្លែងនេះគឺមានអន្លង់ កំពស់ ២ម៉ែត្រ»។ គេសង្កេតឃើញថាមានការខំមិន និងចែករំលែកពេញបណ្តាញសង្គមដោយភាគច្រើនសុទ្ធសឹងតែជាអ្នកធ្លាប់ជួប និងមានបទពិសោធន៍ លង់ទឹក ឬក៏ធ្លាក់អន្លង់ដែលមាននៅទីតាំងទឹកធ្លាក់ភ្នំគូលែន។ អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្ន ជាពិសេសគឺអ្នកដែលទៅលេងនៅទីនោះផ្ទាល់ ព្រមទាំងអំពាវនាវដល់បងៗសមត្ថកិច្ច និងអ្នកអភិរក្សជួយគិតគូចំពោះបញ្ហាមួយនេះ៕