កាលពីល្ងាចថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ តំបន់មួយចំនួនធំនៅក្នុងទីក្រុងភ្នំពេញ បានទទួលរងទឹកភ្លៀងមួយមេធំ ដែលបង្កឲ្យមានទឹកធំស្ទះលូព្រោះតែមានសំរាមកកកុញ។ យ៉ាងណាមិញដូចដែលបងប្អូនភាគច្រើនបានដឹងបានស្គាល់ស្រាប់ហើយថាក្រុម យុវជនសំរាម ដែលដឹកនាំដោយលោក សាន ដារ៉ាវីត មិនអាចនៅសម្ងំស្ងៀមបានឡើយ ដោយលោកបានប្រមូលគ្នីគ្នាទៅបារលូ និងប្រមូលសំរាមចេញទាំងមេឃកំពុងភ្លៀងដោយមិនមានរារែកឡើយ។

គេសង្កេតឃើញថាចិត្តស្នេហា និងស្រលាញ់ភាពស្អាតរបស់ពួកគាត់ពិតជាមុះមត់គួរឲ្យកោតសរសើរ ថែមទាំងជាគំរូល្អទៀតផង។ បងប្អូនមហាជនក៏ចូលរួមកោតសរសើរ និងលើកទឹកចិត្តដោយសង្ឃឹមថាពួកគាត់នឹងថែរក្សាសុខភាពខ្លួន ព្រមទាំងមានការទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាល ព្រមទាំងបងប្អូនប្រជាជន ជាពិសេសអ្នកដែលបោះចោលសំរាមអត់សណ្តាប់ធ្នាប់នឹងបញ្ឈប់ទង្វើបែបនោះ៕