កាលពីពេលថ្មីៗនេះលោក សុះ ម៉ាច បានតំណាង មូលនិធិសិល្បៈចាស់ជរា របស់សមាគមសិល្បករខ្មែរ បានទៅសួរសុខទុក្ខនិងនាំថវិកាជូននាយ សាន ម៉ៅ ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរៃ បន្ទប់លេខ១៣០៣។ ដោយ លោក សុះ ម៉ាច បានឲ្យដឹងថា នាយ សាន ម៉ៅ មិនអាចនិយាយស្តីបាន និងដកដង្ហើមតាមរន្ធដែលចោះត្រង់បំពង់ក ដោយលោកបានឲ្យដឹងថាក្រុមគ្រួសារ នាយ សានម៉ៅ អស់់លទ្ធភាពក្នុងការចំណាយដើម្បីព្យាបាលហើយ។

ដោយលោក សុះ ម៉ាច បានសរសេររៀបរាប់ថា៖ “ថ្ងៃនេះតំណាងឱ្យសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា និង លោក ហេងឡុង។ ខ្ញុំបាទរួមទាំងបងប្អូនសិល្បករសិល្បការិនី បានទៅសួរសុខទុក្ខលោក សាន ម៉ៅ រៀមច្បងសិល្បករផ្នែកល្ខោននិងកំប្លែង ដែលចូលសម្រាកនៅមន្ទីរពេទ្យជាលើកទី៤ព្យាបាលជម្ងឺសួតបេះដូង និងវះកាត់ដុំសាច់នៅបំពង់ក។ សូមបញ្ជាក់ថានាយបានធូរស្រាលខ្លះហើយក្រោយពីត្រឡប់មកពីព្យាបាលនៅប្រទេសថៃកាលពីចូលឆ្នាំចិនកន្លងមកដោយអាចបរិភោគបានដើរបាននិយាយបាន។ ទើបតែប៉ុន្មានថ្ងៃនេះជំងឺហាក់រើឡើងវិញ តម្រូវចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជោរៃ ភ្នំពេញនិងកំពុងសម្រាកក្នុងបន្ទប់១៣០៣។ ពេលនេះនាយមិនអាចនិយាយបានទេ បានត្រឹមតែងក់ក្បាលនិងបង្ហូរទឹកភ្នែកដកដង្ហើមតាមរន្ធដែលចោះត្រង់បំពង់ក រង់ចាំខែក្រោយវះកាត់និងដេរបំពង់កទើបអាចសង្ឃឹមថាអាចនិយាយបានខ្លះវិញ។

បើតាមការរៀបរាប់ពីភរិយារបស់លោកដែលមើលថែ ទាំងក្តុកក្តួលអួលដើមកថា គាត់អស់់លទ្ធភាពក្នុងការចំណាយដើម្បីព្យាបាលស្វាមីទៀតហើយ។ សង្ឃឹមលើចិត្តសប្បុរស ពីសំណាក់សប្បុរសជនក្នុងនិងក្រៅប្រទេសរួមទាំងបងប្អូនសិល្បករសិល្បការិនីដើម្បីបន្តព្យាបាលនាយអោយជាសះស្បើយវិញ។ ខ្ញុំសែនសង្វែគស្ទើរទប់ទឹកភ្នែកមិនបានពេលឃើញនាយក្នុងសភាពបែបនេះ។ សមាគមបានឧបត្ថម្ភថវិកាមូលនិធិសិល្បករចាស់ជរាជាលើកទី៤ចំនួន២៥០$ ខ្ញុំបាទក៏ឧបត្ថម្ភថវិកាផ្ទាល់ខ្លួន៥០$រួមទាំងបងស្រីគ្រត៥០$ផងដែរ។ បើលោកអ្នកមានបំណងសួរសុខទុក្ខរឺឧបត្ថម្ភដល់នាយសូមទាក់ទងតាមទូរស័ព្ទលេខ ០១២ ៨២៥ ៧៣៦..រឺលេខខ្ញុំបាទ ០១៧ ៤៨០ ១៧៧…០៨៧ ២៧៦ ៦៦៣ សូមអរគុណ។ សូមជួយផ្តល់កម្លាំងចិត្តនិងឧបត្ថម្ភតាមសទ្ធាដល់នាយផង!ហុឺ!!ថ្ងៃនេះនាយសានម៉ៅ នាយក្តឹប តើថ្ងៃក្រោយនរណាទៀត?សូមទេវតាឆ្នាំថ្មីព្រមទាំង វត្ថុសក្តិសិទ្ធិក្នុងលោកជួយថែរក្សាសិល្បករសិល្បការិនីខ្មែរទាំងអស់អោយជៀសផុតពីគ្រោះអកុសលទាំងឡាយផង”៕