មរណៈភាពរបស់តារាចម្រៀង ខេមរៈ​ ស្រីពៅ បានធ្វើអោយមហាជនក៏ដូចជាអ្នកសិល្បៈជាច្រើនមានការរន្ធត់ចិត្ត និងសង្វែកយ៉ាងខ្លាំង ចំពោះការបាត់បង់តារាដែលមានសមត្ថភាព និងទាំងមានវ័យនៅក្មេងបែបនេះ។ យ៉ាងណាមិញថ្មីៗនេះក៏មានការបង្ហោះទាក់ទងនឹងកាលបរិច្ឆេទនៃការប្រារព្ធពិធីបុណ្យខួប ១០០ថ្ងៃ ឧទ្ទិសកុសលជូនសព កញ្ញា ខេមរៈ ស្រីពៅ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៤​ ខែឧសភា ឆ្នាំ២០១៩ នៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ដោយគណនីហ្វេសប៊ុក Tang Tayna បានបង្ហោះរូបភាពនិងធៀប ដោយបានសរសេររៀបរាប់ថា៖ “ជិតដល់ថ្ងៃបុណ្យគម្រប់ខួបមួយរយថ្ងៃបងពៅទៀតហេីយ ហេតុអ្វីក៏លឿនម្ល៉េះចុះពេលដែលរង់ចាំបងពៅត្រលប់មកពីមេីលជំងឺវិញហេតុអ្វីក៏យូរម្លេះសមតែពេលនេះបងត្រលប់មកពីមេីលជំងឺវិញទេទេីបត្រូវ”។ គួរបញ្ជាក់ម្តងទៀតថា កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណៈភាពក្នុងអាយុ២៨ឆ្នាំ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ នៅក្នុងមន្ទីពេទ្យ នៃប្រទេសឥណ្ឌា ដោយជំងឺសួតនិងក្រលៀន ហើយសពក៏បានបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ និងធ្វើបុណ្យតាមប្រពៃណី៕ ប្រភព៖ Tang Tayna