ការចាក់រូបនៅលើកាហ្វេ ឬ អាចហៅថា ” Latte Art ” ត្រូវបានរកឃើញដំបូងបង្អស់នៅប្រទេសអ៉ីតាលី ហើយនៅសហរដ្ឋអាមេរិកត្រូវបានបង្កើតឡើងដោយលោក David Schomer នៅចន្លោះទសវត្សរ៍ឆ្នាំ 1980 និងទសវត្សរ៍ឆ្នាំ 1990 នៅទីក្រុង Seattle ។ ជាមួយគ្នានេះដែរការចាក់ ” Latte Art ” នៅលើកាហ្វេមានច្រើនរូបភាព ច្រើនសណ្ឋានដូចជា រូបបេះដូង រូបស្លឺកឈើ និងរូបភាពជាច្រើនទៀតទៅតាមការច្នៃប្រឌិតរបស់អ្នកជំនាញឆុងកាហ្វេ។

ចំពោះការចាក់ ” Latte Art ” មិនមានភាពងាយស្រួលនោះទេ ប្រសិនបើអ្នកមិនមានតិចនិក និងជំនាញដ៏ប៉ិនប្រសព្វ ដូចនេះការចាក់ ” Latte Art ” ដែលស្អាត និងមានរសជាតិឈ្ងុយឆ្ងាញ់ គេត្រូវការកាហ្វេប្រភេទ espresso ដែលល្អ ជាមួយនឹង ការស្ទីមទឹកដោះគោឲ្យឡើងហ្វូមល្អទៅតាមស្តង់ដារ។ មុនពេលចាក់ចូលពែង គេត្រូវគោះ និងគ្រវីទឹកដោះគោដែលស្ទីមរួចឲ្យចូលគ្នា​ ដើម្បីកុំឲ្យហ្វូមដែលស្ទីមរួចកក ទើបចាក់ចូលពែងបង្កើតបានជារូបផ្សេងៗផងដែរ។