ព្រះចៅអធិរាជជប៉ុននឹងដាក់រាជ្យនៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ទ្រង់នឹងលើកព្រះរាជបុត្រារបស់ព្រះអង្គឱ្យគ្រងរាជ្យបល្ល័ង្ក Chrysanthemum បន្ត ជាមួយនឹងការនាំយកនូវយុគសម័យថ្មីសម្រាប់រាជាធិបតេយ្យ ដែលមានអាយុកាលចាស់ជាងគេលើពិភពលោក។ នៅក្នុងពិធីដ៏ខ្ពង់ខ្ពស់មួយនេះ ព្រះចៅអធិរាជ អាគីហ៊ីតូ នឹងប្រគល់រាជ្យបល្ល័ង្កដល់ព្រះបុត្រាច្បងរបស់ទ្រង់ព្រះនាម ណារូហ៊ីតូ ដែលមានព្រះជន្ម ៥៩វស្សា។

ក្នុងនោះផងដែលស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា បានប្រកាសជម្រាបជូនដល់សាធារណជន ក្នុងការស្វាគមន៍សម្រាប់ការ សរសេរ​សារថ្វាយព្រះពរ និងអបអរសាទរ ព្រះអង្គម្ចាស់ ណារូហ៊ីតូ ព្រះរាជទាយាទជប៉ុន ដែលនឹងឡើងគ្រងរាជ្យជាព្រះចៅអធិរាជជប៉ុនខាងមុខ។ ដោយលោកទូតជប៉ុន បានបង្ហោះវីដេអូនិយាយអំពីការបើកទទួលស្វាគមន៍សាធារណជនសរសេរសារថ្វាយព្រះពរព្រះចៅអធិរាជថ្មី ដោយលោកបានឲ្យដឹងថាព្រះអង្គម្ចាស់ ណារូហ៊ីតូ ព្រះរាជទាយាទ ក៏ធ្លាប់យាងមកកាន់ប្រទេសកម្ពុជា កាលពី២០១២ផងដែរ។

ការទទួលស្វាគមន៍សាធារណជនសរសេរសារថ្វាយព្រះពរ និងអបអរសារទរការឡើងគ្រងរាជ្យរបស់ព្រះអង្គម្ចាស់រាជទាយាទ នឹងធ្វើឡើងនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា សាលពហុប្រយោជន៍ (នៅបន្ទាប់ពីច្រកទ្វារចូលផ្នែកកុងស៊ុល) នៅថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៦ ខែឧសភា ចាប់ពីម៉ោង ៩:០០-១១:០០ ព្រឹក និងម៉ោង ២:០០-៤:០០ រសៀល។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏បានបញ្ជាក់ថាបងប្អូនសាធារណជនទាំងអស់ សូមភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងនៅក្នុងស្ថានទូតមិនមានទីកន្លែងចំណតយានយន្តទេ ចំពោះការិយាល័យកុងស៊ុល ខេត្តសៀមរាប នឹងបើកទទួលការសរសេរសារថ្វាយព្រះពរផងដែរ៕