តារាសម្តែងល្បីឈ្មោះ និង អតីតជ័យលាភី Freshie Girls ឆ្នាំ២០១៣ កញ្ញា ស៊ីន យូប៊ីន ដែលសព្វថ្ងៃជាតារាសម្តែងស្រីល្បីឈ្មោះមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា គេសង្កេតឃើញថាមានការកោតសរសើរចំពោះការតុបតែងខ្លួន និងប្រជាប្រិយភាពរបស់នាង ដែលល្បីល្បាញខ្លាំងនិងតែងតែចេញមុខសម្តែងនៅក្រៅប្រទេស។

ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះ ស៊ីន យូប៊ីន ក៏មានវត្តមានក្លាយជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំ ជាមួយនឹងសិល្បករសិល្បការិនីប្រទេសថៃ ដោយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ក៏មានពិធីក្រុងពាលីខ្សែភាពយន្តខ្នាតធំ ដែលមានចំណងជើង “THE PROTECT ( bodyguard นา้หัก )”។ ដោយកញ្ញា ស៊ីន យូប៊ីន បានសរសេររៀបរាប់ពីអារម្មណ៍យ៉ាងដូចេ្នះថា៖ “ពិធីក្រុងពាលីខ្សែភាពយន្តខ្នាតធំ រឿង THE PROTECT ( bodyguard นา้หัก ) សូមរង់ចាំតាមដានទស្សនា ខ្សែភាពយន្តកម្រិតអន្តរជាតិ ដែលជាស្នាដៃមួយថ្មីទៀត ដែលនាងខ្ញុំទទួលបាននូវកិត្តិយសសម្តែងជាតួឯក រួមជាមួយលោក Mum Jokmok និង លោក P’Dim Tatto Colour ព្រមទាំងសិល្បករសិល្បការិនីថៃ ជាច្រើនរូបទៀត។ សូមអរគុណចំពោះការគាំទ្រ”។ គួររំលឹកថាខ្សែភាពយន្ត THE PROTECT នឹងមានការសម្តែងនិយាយជាភាសាថៃ និងភាសាខ្មែរលាយបញ្ជូលគ្នា ព្រមទាំងនឹងត្រូវយកមកចាក់បញ្ជាំងតាមរោងភាពយន្តនៅប្រទេសថៃ៕