តើបងប្អូនធ្លាប់ឮគេនិយាយពី អាប ដែរទេ? ជឿជាក់ថាសឹងតែមនុស្សគ្រប់គ្នាធ្លាប់ឮពាក្យមួយម៉ាត់នេះ ដោយ អាប មានប្រវត្តិ និងដើមកំណើតពីយូរលង់ណាស់មកហើយ ដែលភាគច្រើនគេនិយាយតៗគ្នាថា អាប គឺជាមនុស្សដែលរៀនសិល្ប៍អាគម ក្រោយមកក៏បែកអាគមធ្វើឲ្យកើតជា អាប ដោយវាសំងំលាក់ខ្លួននៅក្នុងរាងកាយមនុស្សស្រី។​ ជារៀងរាល់រាត្រី អាប តែងតែដកក របស់ខ្លួនដើម្បីហោះឆ្វែលរកចំណីដូចជាគង្គក់ កង្កែប មាន់ គោ ក្របី និងពោះវៀន ដែលបណ្តាលឲ្យមនុស្សគ្រប់គ្នាខ្លាចរអើម ជាពិសេសអ្នកនៅស្រុកភូមិ តែងហាមកូនចៅមិនឲ្យចេញក្រៅពេលរាត្រី។

ក្មេងៗដែលកើតនៅក្នុងជំនាន់ ៩០ ជាងមុខជាស្គាល់ និងចាំច្បាស់រឿង អាបយាយសាយ ដកក ដែលជារឿងខ្មោចល្បីឈ្មោះមួយប្រចាំជំនាន់នោះ។ ពេលនេះរឿងរ៉ាវទាក់ទងអំពីប្រវត្តិរបស់អាបយាយសាយ ត្រូវបានគេយកមកចងក្រងបកស្រាយឡើងវិញនៅក្នុងរឿង “និស្ស័យស្នេហ៍អាប” ឬ Inhuman Kiss ដោយប្រជុំសុទ្ធតែតួថ្មីៗល្បីឈ្មោះប្រចាំប្រទេសថៃ ជាពិសេសគឺតួស្រី អាប ដែលស្រស់ស្អាត ឃ្យូតគួរឲ្យស្រលាញ់តែម្តង។ ចង់ដឹងថារឿងរ៉ាវ និងមូលហេតុអ្វីបានជានារីស្រស់ស្អាតរូបនេះប្រែខ្លួនទៅជាអាបដែលមនុស្សខ្លាចទៅវិញនោះ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាណា! រឿង “និស្ស័យស្នេហ៍អាប” នឹងមានចាក់បញ្ចាំងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅរោងកុន​ លេជេន គ្រប់សាខាទាំងអស់៕