តាមការបង្ហោះនៅលើគេហទំព័រ Facebook ផ្លូវការរបស់សម្តេចកិ​ត្តិព្រឹទ្ធប​ណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុនសែ​ន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា បានអោយដឹងថា៖ នៅ​ថ្ងៃពុធ​១១​រោច​ ខែ​ចេត្រ ​ឆ្នាំកុរ ​ឯក​ស័ក ព.ស ​២៥៦២ ត្រូ​វនឹ​ងថ្ងៃ​ទី០១ ​ខែឧ​សភា ​ឆ្នាំ​២០១៩ ​សម្តេចកិ​ត្តិព្រឹទ្ធប​ណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុនសែ​ន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ​បាន​ទទួល​ជួប​សវនាការ ​និង ទទួលអំ​ណោយ​សប្បុរសធម៌ ​មកពី​បណ្តា​ក្រុម​ហ៊ុន​ចំនួន​៣ ដើម្បី​យក​ទៅ​ជួយ​ដល់​ជន​រង​គ្រោះ និង​ងាយ​រង​គ្រោះ​ដោយ​កត្តាផ្សេ​ងៗ​។

អំណោយដែ​លស​ប្បុរសជន ​តំណាង​ក្រុមហ៊ុន​ទាំង​នោះនាំមក​ផ្តល់​ជូន​កាកបា​ទក្រហម​កម្ពុជា​រួម​មាន​៖ អ្នក​ឧកញ៉ា ​ហ៊ុន​ តូ ​ប្រធាន​ក្រុម​ហ៊ុន​ អិល ​អិល​ អេស៊ាន ​អ៊ីនវេស​មេន​ និង​សហការី​ថវិកា​ចំនួន ២.៤១០.០០០​ដុល្លារ​អាមេរិក​(ពីរ​លាន​សែ​សិប​មួយ​ម៉ឺន), លោក ​លី ​ដុងហ៊ួន ​អគ្គនាយក​រង​ ក្រុម​ហ៊ុន ដុង​អេ ​ធីអេស ​និង​សហការី ​ថវិកា​ចំនួន​១០​ម៉ឺនដុល្លា​រ(ដប់​ម៉ឺន​) និង​លោកឧ​កញ៉ា ​សៀ ឫ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិ​បាល ​ក្រុម​ហ៊ុន​ អកស៍ឡី ​វើសដ៍​ប្រ៊ីដ ​ខេម​បូខា​ និង​សហការី​ ថវិកា​ចំនួន១​៥ម៉ឺនដុល្លារ​(ដប់​ប្រាំ​ម៉ឺន​)។

សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ​ប៊ុន ​រ៉ានី ​ហ៊ុន​សែន​ បាន​ថ្លែង​អំណរ​គុណ និង​ស្វាគមន៍​យ៉ាង​កក់​ក្តៅចំពោះ​គណៈប្រតិភូ ​ដែល​បាននាំយ​កអំណោយ​មក​ផ្តល់​ជូនកាកបាទ​ក្រហម​កម្ពុជានៅ​ថ្ងៃនេះ។​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានការជម្រាបជូនភ្ញៀវពីការរៀបចំទិវាពិភពលោក ៨ ឧសភា ទិវាកាកបាទក្រហម-អឌ្ឍចន្ទក្រហមខួបលើកទី១៥៦ ដែលជាទិវាជាពិសេស ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់អំពាវនាវស្វែងរកអំណោយមនុស្សធម៌ពីសប្បុរសជននានានៅក្នុងទិវាថ្ងៃនោះដើម្បីបរិច្ចាគនូវអំណោយមនុស្សធម៌តាមសទ្ធាជ្រះថ្លា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបញ្ជាក់ថា តាមរយៈសកម្មភាពនោះ នឹងជួយដល់កាកបាទក្រហមកម្ពុជាក្នុងការបន្តធ្វើសកម្មភាព ក៏ដូចជាបេសកកម្មមនុស្សធម៌របស់ខ្លួន ក្នុងការបន្តជួយដល់ប្រជាជនរងគ្រោះនៅទូទាំងប្រទេស ហើយជាពិសេសគឺការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រពលរដ្ឋជាក់ស្ដែង៕ ប្រភព៖ Bun Rany Hun Sen, President of Cambodian Red Cross