ជាការពិតណាស់នារីៗគ្រប់រូបមានភាពស្រស់ស្អាត និងទាក់ទាញមិនមែនដោយសារតែមានមុខមាត់ស្អាតតែម្យ៉ាងនោះទេ តែត្រូវចេះពីរបៀបក្នុងការតុបតែងខ្លួន ដូចជាការលេងស្ទាយសក់ ការតុបតែងមុខ ហើយអ្វីដែលរឹតតែពិសេសទៅទៀតនោះគឺការលេងស្ទាយម៉ូដសំលៀកបំពាក់។ យ៉ាងណាមិញថ្ងៃនេះយើងសូមបង្ហាញពីរបៀបក្នុងការច្នៃម៉ូដអាវសាច់ក្រណាត់ ដែលរលុងៗ ឬ អ្នកទិញមកហើយពាក់មិនត្រូវ ដោយវិធីងាយៗខាងក្រោម៖

ទី១. តឺនុយអាវ៖ ប្រសិនបើអ្នកចូលចិត្តពាក់អាវសាច់ក្រណាត់ជាមួយខោ អ្នកអាចតឺនុយជាយអាវចូលក្នុង ហើយជ្រើសរើសខោណាដែលមានចង្កេះវែងបន្តិច រួចមូរដៃអាវឡើង បន្ទាប់មកបន្ថែមនូវខ្សែករ ឬ ក្រវិលកងរឹតតែស្រស់ស្អាតថែមមួយកម្រិតទៀត។

ទី២. ច្នៃជារ៉ូប៖​ ប្រភេទអាវសាច់ក្រណាត់ដែលរលុងៗ ក៏អាចច្នៃជារ៉ូបបានដែរ ដោយគ្រាន់តែយកខ្សែក្រវ៉ាត់តូចមួយ មកក្រវ៉ាត់ខិតលើចង្កេះបន្តិច តែប្រសិនបើគិតថាខ្លីពេក អ្នកអាចបន្ថែមជាមួយខោខ្លីពណ៌ខ្មៅ ហើយលេងស្ទាយជាមួយកាបូបស្ពាយចំហៀង ឬ ក្រវិលរំយោលបន្តិចរឹតតែមានភាពទាក់ទាញ និងកាលីប។

ទី៣. ច្នៃជាអាវដៃមួយចំហៀង៖ អាវប្រភេទនេះកំពុងតែមានភាពពេញនិយមខ្លាំង ដូចនេះអ្នកអាចច្នៃអាវរបស់អ្នកដោយត្រូវ ស៊កដៃអាវតែមួយចំហៀង ដៃខាងណាក៏បាន ហើយបិទលេវខាងចំហៀង បន្ទាប់មកយកដៃអាវដែលសល់ចងជាមួយជាយអាវ ហើយតឺនុយជាយអាវនោះ ដោយទុកតែផ្នែកដែលចងជាម៉ូដ អ្នកនឹងបានម៉ូដអាវដ៏ទាន់សម័យមួយ។

ទី៤.ច្នៃជាអាវអត់ដៃ៖ ប្រសិនបើអ្នកចូលស៊ិចស៊ី អ្នកអាចច្នៃអាវដែលរលុងៗ ជាម៉ូដអត់ដៃបាន ដោយគ្រាន់តែយកផ្នែកករអាវ មកដាក់ខាងមុខហើយបិទលេវនៅខាងក្រោយវិញ រួចយកដៃទាំងសងខាងចងនៅខាងមុខ ហើយតឺនុយជាយអាវ ជាមួយនឹងខោដែលមានឆ្នូតៗ រឹតេស្រស់ស្អាត និងកាលីប។