របស់របរប្រើប្រាស់មួយចំនួន មានអត្ថប្រយោជន៍ជាច្រើនដែលអ្នកអាចនឹង នឹកស្មានមិនដល់ តួយ៉ាងដូចជាប្រអប់ក្រដាសសើម ដោយនៅពេលដែលអ្នកប្រើប្រាស់ក្រដាសនៅក្នុងនោះអស់ហើយ កុំបោះសំបកចោល ព្រោះវាមានអត្ថប្រយោជន៍ជាច្រើនទៀត ក្នុងការច្នៃជាសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលអ្នកគួរតែសាកល្បងដោយវិធីងាយៗ ដូចខាងក្រោម៖

ទី១.គម្របបិទព្រីភ្លើង៖ ប្រសិនបើអ្នកមានការព្រួយបារម្ភចំពោះកូនៗរបស់អ្នក នៅពេលដែលពួកគេលេងនៅជិតព្រីភ្លើង អ្នកអាចកាត់ផ្នែកគម្របជ័រខាងលើ ហើយយកទៅបិទនៅលើព្រីភ្លើង ដោយប្រើកាវ ដូចនេះវាអាចជួយកាត់បន្ថយគ្រោះថ្នាក់បានមួយផ្នែកផងដែរ។

ទី២.ប្រអប់ដាក់ក្រវិល៖ អ្នកអាចច្នៃគម្របជ័ររបស់ក្រដាសសើម ជាប្រអប់ដាក់ក្រវិលបានយ៉ាងស្រស់ស្អាត ដោយគ្រាន់តែយកគម្របជ័រខាងលើបិទជាមួយនឹង ក្រណាត់ដែលមានសំណាញ់តូចៗ បន្ទាប់មកយកគម្របជ័រមកបិទពីលើមួយទៀត នោះអ្នកអាចប្រើប្រាស់វាបាន។

ទី៣.សម្ភារៈសម្រាប់ក្មេងលេង៖ មិនចាំបាច់ចំណាយច្រើនទៀតទេក្នុងការទិញសម្ភារៈសម្រាប់កូនៗរបស់អ្នកលេង ដោយសាកល្បងច្នៃគម្របជ័រពីប្រអប់ក្រដាសសើម ដូចនេះអ្នកត្រូវយកគម្របជ័រទៅបិទលើផ្ទាំងក្រដាសមួយ ហើយបិទរូបសត្វផ្សេងៗ នៅក្នុងនោះ រួចជាការស្រេច។

ទី៤. ឧបករណ៍ព្យួរឥវ៉ាន់៖ នៅពេលដែលអ្នកពិបាកក្នុងការទុកដាក់ ថង់ដែលបានមកពីការទិញឥវ៉ាន់នៅផ្សារ អ្នកអាចយកគម្របជ័រពីប្រអប់ក្រដាសសើម មកបិទនៅជាប់ទូរដាក់សម្ភារៈរបស់អ្នក រួចយកថង់មកកៀបនៅក្នុងនោះ វានឹងមើលទៅមានរបៀបរៀបរយឡើងវិញ។