មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ដែលមានតួនាទីជាអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ បានដកកាំភ្លើងខ្លីបាញ់សំដីមកលើរថយន្តម៉ាក Range Rover ចំនួន៥គ្រាប់នៅក្បែរអធិការខណ្ឌច្បារអំពៅ បណ្តាលឲ្យផ្អើលដល់កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋតែម្តង។ ពេលនេះបានចេញវិដេអូស្តែងៗដែលថតចេញពីឡានជនរងគ្រោះ បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់មន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើករថយន្តតាមរកររឿងគេ កាក់ឡានគេហើយ ចេញពីឡានដកកាំភ្លើងបាញ់គេ ៥ គ្រាប់ថែមទៀត សំណាងហើយ អត់មានរបួសឬស្លាប់ តែប្រពន្ធជនរងគ្រោះភ័យពេករហូតដល់សន្លប់។

ហើយកាលពីព្រឹកមិញនេះ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏បានឲ្យធ្វើការសម្របសម្រួលជាមួយភាគីជនរងគ្រោះផងដែរ ចំពោះករណីនេះ។ ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ផ្កាយ៣ ស ថេត បានបញ្ជាក់ថា «ចំពោះករណីនេះមេ (នាយឧត្តមសេនីយ៍ នេត សាវឿន) បានបញ្ជាឲ្យចាត់ការតាមវិន័យកងកម្លាំង និងធ្វើការសម្របសម្រួលជាមួយជនរងគ្រោះ»។

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៣ ស្ថិតនៅចំណុចអធិការខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បុរសជាជនរងគ្រោះមានឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងប្រពន្ធឈ្មោះ តាំង សុខឡេង អាយុ៣១ឆ្នាំ ជាបុគ្គលិកបំរើការនៅណាហ្គាវើល ចំណែកជនបង្ក ឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសម្ដីបុរសរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថាមុន ពេលកើតហេតុរូប គាត់និងប្រពន្ធ បានបើករថយន្តម៉ាក RANGE ROVER ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2U-4448 ចេញពីកន្លែងហូបអី នៅម្ដុំផ្សារដើមគរ ហើយក៏ត្រឡប់មកផ្ទះវិញ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ខណៈរូបគាត់បើករថយន្តមកដល់មុខមជ្ឈមណ្ឌលរ៉ុក ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-5153 ជិះមកពីក្រោយ ហើយចុចស៊ីផ្លេររថយន្តលោករហូត បន្ទាប់មកលោកបន្ថយល្បឿនឈប់ចុះមកសួរ “ហេតុអីស៊ីផ្លេរដាក់ខ្ញុំរហូតចឹង”?

ភ្លាមៗនោះបុរសដែលជា អ្នកបើករថយន្តស៊ីផ្លេរ ស្ថិតក្នុងសភាពស្រវឹងស្រាជោគជាំបានចុះមក និងបានដកកាំភ្លើងខ្លីមួយដើមតែភ្លាមៗនោះ ក៏ត្រូវអ្នករួមដំណើរជាមួយ ដកកាំភ្លើងទុកវិញរួចបាននិយាយទៅកាន់ជនរងគ្រោះថា «អាអូនឯងជាអីគេ ហើយអាអូនឯងទៅដេកអត់?»។ ភ្លាមៗនោះជនរងគ្រោះ បាននិយាយតបវិញថា «រឿងរបស់ខ្ញុំមានពាក់ព័ន្ធអីជាមួយបងឯង»។ ពេលនោះស្រាប់តែជនបង្កបានប្រាប់វិញថា «អើ! បើហែងទៅដេក ក៏ទៅដេកទៅ»។ ជនរងគ្រោះបានដឹកដៃប្រពន្ធឡើងជិះរថយន្តចេញទៅ ដើម្បីធ្វើដំណើរទៅខណ្ឌចំការមន។ ខណៈពេលដែលកំពុងតែធ្វើ ដំណើរសុខៗស្រាប់តែជនបង្កបានបើករថយន្តដេញ តាមរហូតមកដោយបើករថយន្តប្រដេញតាមកាក់ជាច្រើនដង ក៏ជនរងគ្រោះបានឈប់ រថយន្តភ្លាមៗនោះជនបង្កបានស្រែកហៅជនរងគ្រោះឲ្យទៅខណ្ឌច្បារអំពៅទាំងអស់គ្នា ហើយជនរងគ្រោះក៏មិនប្រកែកនោះទេ ថែមទាំង ព្រមបើករថយន្តទៅជាមួយគ្នាទៀត។

ខណៈពេលដែលបើករថយន្តដល់ចំណុចជំហៀងអធិការខណ្ឌច្បារអំពៅ ស្រាប់តែជនបង្កបានបើករថយន្តកាក់ពីមុខរថយន្តជនរងគ្រោះ ហើយបានចុះពីរថយន្ដបានដកកាំភ្លើងខ្លីមួយដើម រួចធ្វើសកម្មភាពបាញ់ទៅលើរថយន្តជនរងគ្រោះចំនួន៥គ្រាប់ បណ្ដាលឲ្យបែកកញ្ចក់រថយន្តខាងក្រោយ។ ចំណែកឯប្រពន្ធរបស់ជនរងគ្រោះបានសន្លប់បាត់ស្មារតី ត្រូវដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ដោយសារតែភ័យរន្ធត់ខ្លាំងពេក។ បន្ទាប់ពីធ្វើសកម្មភាព បាញ់រួចជនបង្កបានបើករថយន្តចេញពីកន្លែងកើតហេតុរត់គេចទៅបាត់តែម្ដង។ ប៉ុន្តែមិនបានប៉ុន្មានផង ស្រាប់តែលេចមុខជនបង្កបានបើក រថយន្តមកឈប់ពីមុខអធិការខណ្ឌច្បារអំពៅ ភ្លាមៗនោះត្រូវសមត្ថកិច្ចធ្វើឃាត់ខ្លួន យកចូលអធិការខណ្ឌតែម្ដង។ បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ចអធិការខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួន ដើម្បីយកមកសួរនាំ និងចាត់វិធានការទៅតាមផ្លូវច្បាប់ផងដែរ៕