ឃី សុឃុន ម្ចាស់បទ “ធ្វើម្តេចយើងក្រ” ដែលបងប្អូនមហាជនភាគច្រើនស្គាល់ច្បាស់ថាជាតារាចម្រៀងសម្លេងខ្ពស់ ឆ្លងកាត់ការប្រលងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ និងជាកូនក្រុមរបស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា។ កាលពីថ្មីៗនេះអ្នកគ្រូបង្វឹក ឱក សុគន្ធកញ្ញា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងដោយប្រកាសថ្ងៃរៀបការនៅក្នុងខែឧសភានេះ ស្រាប់តែពេលនេះកូនក្រុមរបស់នាងលោក ឃី សុឃុន ហាក់មិនឲ្យចាញ់គ្នាឡើយ ដោយលោកបានបង្ហាញថ្ងៃរៀបការជាមួយអនាគតភរិយានៅក្នុងខែឧសភានេះដូចគ្នា។

មង្គលការរបស់លោក ឃី សុឃុន នឹងធ្វើឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ គឺខុសគ្នា៦ថ្ងៃពីកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា។ យ៉ាងណាមិញគេសង្កេតឃើញថាមានការអបអរសាទរជាច្រើនពីសំណាក់បងប្អូនមហាជន ដោយភាគច្រើនបាននិយាយថាឆ្នាំនេះ តារាប្រុសស្រីរបស់ផលិតកម្មរស្មីហង្សមាស ហាក់ទទួលបានពរជ័យមង្គលជាខ្លាំង ដោយកាលពីដើមឆ្នាំគឺលោក នី រតនា បានចូលរោងការ បន្តបន្ទាប់មកដោយលោក ឃី សុឃុន និងកញ្ញា ឱក សុគន្ធកញ្ញា អ្នកបន្ទាប់គេបានប៉ាន់ស្មានថាអាចជាកញ្ញា ទេព បូព្រឹក្ស និងកញ្ញា សួស វីហ្សា ព្រោះតែអ្នកទាំងពីរក៏ហាក់បង្ហើបពីដំណឹងល្អជារឿយៗពីរឿងស្នេហា និងមង្គលការនេះដែរ៕