ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវរឿងរ៉ាវមួយដោយមាន សិស្សថ្នាក់ទី១២មួយរូបឈ្មោះ រិម ស្រីនិច ដែលទើបតែទទួលបានជ័យលាភីលេខ៤ ផ្នែកអក្សរសិល្ប៍ខ្មែរថ្នាក់ទី១២ ក្នុងការប្រលងសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០១៩ និងតំណាងខេត្តបន្ទាយមានជ័យតែម្នាក់គត់។ តែអ្វីគួរឲ្យក្តុកក្តួលនោះគឺប្អូនស្រីស្ថិតនៅក្នុងជីវភាពមួយដែលខ្វះខាត ដោយឪពុកជាកម្មករ ម្តាយស៊ីឈ្នួលបោកខោអាវឲ្យគេ តែយ៉ាងណាប្អូននៅតែតស៊ូនិងទទួលជ័យលាភីនៅក្នុងការប្រឡងសិស្សពូកែ។

នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកលោកគ្រូ Sideth Duong បានឲ្យដឹងថា​៖ “នេះគឺជាសិស្សនៃវិទ្យាល័យមង្គលបូរី ថ្នាក់ទី១២B ដែលបានប្រឡងជាប់សិស្សពូកែថ្នាក់ជាតិផ្នែកអក្សរសិល្ប៍ តំណាងខេត្តបន្ទាយមានជ័យតែម្នាក់គត់ ដោយបានចំណាត់ថ្នាក់លេខ៤។ គ្រួសារនាងក្រីក្រ ដោយឪពុកជាកម្មករ ម្តាយសុីឈ្នួលបោកខោអាវឲ្យគេ។ ទោះជាយ៉ាងនេះក៏ដោយ ក៏ប្អូនមិនបណ្តែតបណ្តោយខ្លួនតាមស្ថានភាពគ្រួសារឡើយ ផ្ទុយទៅវិញប្អូនបានប្រឹងប្រែងរៀនសូត្រ រហូតមានលទ្ធផលដូចថ្ងៃនេះ។ ដូច្នេះសូមអំពាវនាវបងប្អូនដែលមានធនធាន មេត្តាជួយដល់នាងតាមលទ្ធភាពផង”៕