ខណៈបាតុភូត អ៊ែល នីណូ (El Nino) នៅតែមានឥទ្ធិពល និងបន្តគ្រប់ដណ្តប់លើប្រមាណពាក់កណ្តាលនៃផែនដី ដែលកត្តានេះធ្វើឲ្យសីតុណ្ហភាពអតិបរិមាននៅក្នុងប្រទេសកម្ពុជាបន្តកើនឡើង ក្តៅហួតហែង រហូតធ្វើឲ្យនៅតាមបណ្តាសាលារៀនជាច្រើន ជាពិសេសក្មេង ប្អូនៗសិស្សានុសិស្ស មានការលំបាកក្នុងការសិក្សាដោយសារតែកម្តៅកើនឡើង។

យ៉ាងណាមិញមួយរយៈនេះគេសង្កេតឃើញ កងកម្លាំងសន្តិសុខសណ្ដាប់នៅក្នុងខណ្ឌ៧មករា បានចុះទៅបាញ់ទឹកនៅតាមអាគារសិក្សា ទាំងសាលាមត្តេយ្យ សាលាបឋម និងវិទ្យាល័យ នៅក្នុងខណ្ឌ៧មករា។ ដោយនៅថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០១៩ លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដាក់កម្លាំងសន្តិសុខសណ្ដាប់រដ្ឋបាលខណ្ឌ៧មករា បានចុះបាញ់ទឹកនៅវិទ្យាល័យ បាក់ទូក, សាលាបឋមសិក្សា វត្តព្រះពុទ្ធមានបុណ្យ និងសាលាមត្តេយ្យ មិត្តភាព ដេីម្បីកាត់បន្ថយកម្ដៅងាយស្រួលក្នុងការសិក្សារបស់សិស្សានុសិស្ស។

សកម្មភាពទាំងនេះធ្វើឲ្យពលរដ្ឋសម្តែងការត្រេកអរនិងគាំទ្រកោតសរសើរខ្លាំងចំពោះការយកចិត្តទុកដាក់ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី និងសំណូមពរឲ្យគ្រប់ខណ្ឌនៃរាជធានីភ្នំពេញអនុវត្តតាមខណ្ឌ៧មករាផងដែរ៕