នៅពេលដែលអ្នកធ្វើដំណើរទៅកំសាន្ត ឬ មានធុរៈកិច្ចនៅតាមប្រទេសណាមួយ អ្នកគួរតែយល់ដឹងពីទំនៀមទម្លាប់ និងរបៀបរបបក្នុងការរស់នៅខ្លះៗរបស់ប្រទេសទាំងនោះ ដើម្បីជៀសវាងពីបញ្ហាផ្សេងៗដែលកើតមានដោយអចេតនា។ ជាមួយគ្នានេះដែរនៅពេលអ្នកធ្វើដំណើរទៅក្រៅប្រទេស អ្នកប្រាកដជាសាកល្បងម្ហូបក្នុងតំបន់នៅទីនោះ ដូចនេះអ្នកអាចយល់ដឹងពីចំណុចខ្លះៗ ក្នុងការទទួលទានម្ហូបអាហារនៅប្រទេសមួយចំនួនដូចខាងក្រោម៖

ទី១.​មិនត្រូវប្រើសម៖ នៅក្នុងប្រទេសថៃរបៀបរបបក្នុងការញ៉ាំអាហារ នៅពេលដែលគេប្រើសមជាមួយស្លាបព្រា គឺពួកគេមិនប្រើសមក្នុងការចាក់សាច់ ឬអាហារសម្រាប់ញ៉ាំនោះទេ​ ព្រោះវាមើលទៅគ្មានសណ្ដាប់ធ្នាប់ ដូចនេះគេប្រើសមសម្រាប់តែកៀរម្ហូបដាក់ក្នុងស្លាបព្រាតែប៉ុណ្ណោះ។

ទី២.កុំញ៉ាំអាហារអស់ពីចានពេក៖ នៅប្រទេសចិនការញ៉ាំអាហារអស់ពីចានពេក គេចាត់ទុកថាអ្នកញ៉ាំមិនទាន់ឆ្អែត ដូចនេះទោះបីជាម្ហូបទាំងអស់នោះមានរសជាតិឆ្ងាញ់យ៉ាងណាក៏ដោយ អ្នកមិនគួរញ៉ាំអស់ពេកនោះទេ គួរតែទុកតិចៗនៅលើចាន ហើយនិយាយសរសើរពីរសជាតិរបស់ម្ហូបទុកជាការគួរសម។

ទី៣.ហាមសុំអំបិល និងម្រេច៖ ប្រសិនបើអ្នកញ៉ាំអាហារនៅប្រទេសព័រទុយហ្គាល់ អ្នកមិនគួរសុំអំបិល និងម្រេចនោះទេ ព្រោះធ្វើឲ្យអ្នកដែលចម្អិនម្ហូបមានអារម្មណ៍មិនល្អ ដោយសារតែគិតថាអ្នកមិនពេញចិត្តនូវរសជាតិ ដែលគេធ្វើឲ្យ ដូចនេះនៅពេលកុម្ម៉ង់ម្ហូបអ្នកអាចប្រាប់ពីរសជាតិដែលអ្នកត្រូវការទៅកាន់អ្នកកុម្ម៉ង់បាន។

ទី៤.ត្រូវប្រុងប្រយ័ត្នក្នុងការប្រើចង្កឹះ៖ នៅក្នុងប្រទេសជប៉ុននៅពេលញ៉ាំអាហារ គេនិយមប្រើប្រាស់ចង្កឹះ ដូចនេះអ្នកមិនគួរដោតចង្កឹះទៅលើបាយនោះទេ ព្រោះតាមទំនៀមទម្លាប់របស់ប្រទេសជប៉ុន ការធ្វើបែបនេះអាចប្រមាថខ្លាំងទៅលើពួកគេ ដោយការដោតចង្កឹះបញ្ឈរបែបនេះ គេធ្វើតែក្នុងពិធីបុណ្យសពតែប៉ុណ្ណោះ។

ទី៥.ប្រើតែកន្លះពែងក្នុងការសា្វគមន៍ភ្ញៀវ៖ សម្រាប់ប្រទេស Kazakhstan គេតែងជ្រើសរើសយការផឹកតែជារបស់ដ៏សំខាន់ក្នងការទទួលស្វាគមន៍ភ្ញៀវ ដែលសុទ្ធតែមានច្បាប់ទម្លាប់របស់គេ ដូចជាការចាក់តែកន្លះពែងក្នុងការទទួលភ្ញៀវនៅពេលទើបមកដល់ ហើយចាក់តែពេញពែង សម្រាប់ជូនដំណើរនៅពេលដែលភ្ញៀងត្រលប់ទៅវិញ។