តារាចម្រៀង G-devith និង ឌីជេអាចារ្យធំ មានជម្លោះពាក្យសម្តីជាមួយគ្នាជាច្រើនឆ្នាំមកហើយ រហូតមកទាល់ពេលថ្មីៗនេះ បានភ្ញាក់ផ្អើលជាថ្មីម្តងទៀតដោយឌីជេអាចារ្យធំ និង G-devith បានបន្តជម្លោះពាក្យសម្តីនៅលើបណ្តាញសង្គម។

យ៉ាងណាមិញក្រោយពី G-devith បានធ្វើការ live វីដេអូនិយាយពីអាចារ្យធំ ស្រាប់តែលោក ហេង ឡុង ក៏បានបង្ហោះសារសុំឲ្យភាគីទាំងសងខាងធ្វើសម្របសម្រួលគ្នាបញ្ឈប់ការវាយប្រហារគ្នាដោយពាក្យសំដីអសុរោះ​។ ក្រោយពីទទួលបានសាររបស់ ហេង ឡុង តារាចម្រៀង ងួន ចាន់ដេវីត ក៏បានបង្ហាញប្រតិកម្មឆ្លើយតបទៅ ហេងឡុង ថា សូមកុំបន្ទោសរូបលោក (ដេវីត) ដោយ ដេវីត អះអាងថាខ្លួនមិនមែនជាដើមហេតុនោះទេ។ ក្នុងនោះ លោក ហេង ឡុង ក៏បានសរសេរសារយ៉ាងដូច្នេះថា៖

“សូមអរគុណប្អូន G Davith ដែលបានឆ្លើយតបភ្លាមៗបន្ទាប់ពីការអំពាវនាវរបស់បង។ ក្នុងនាមសមាគមសិល្បករខ្មែរដូចជាម៉ែឪរបស់សិល្បករសិល្បការនីទាំងអស់ ជំហានដំបូងសមាគមដើរតួសម្របសម្រួលឲ្យអស់លទ្ធភាព បើក្នុងករណីមានទំនាស់រវាងសិល្បករ។ សូមបញ្ជាក់ថា ដំណាក់កាលសម្របសម្រួលដំបូងគឺយើងមិនបានធ្វើការវាយតម្លៃដាក់កំហុសទៅខាងភាគីណាឡើយ បើក្នុងករណីភាគីទាំងពីរទទួលយកការសម្របសម្រួលរបស់សមាគមនោះយើងខ្ញុំនឹងអញ្ជើញភាគីនីមួយៗដើម្បីមកពិភាក្សាលម្អិតរកហេតុផលឈានទៅអាចវាយតម្លៃបានថាភាគីណាជាភាគីបង្ក និងភាគីជនរងគ្រោះ។ ហើយបើក្នុងករណីសមាគមមិនអាចសម្របសម្រួលបានទេនោះ យើងខ្ញុំនឹងជូនដំណឹងជាលាយលក្ខណ៍អក្សរ ស្នើសុំក្រុមប្រឹក្សាពិន័យនិងលើកសរសើររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីជួយសម្របសម្រួលមុននឹងឈានទៅដល់ភាគីទាំងសងខាងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីធានាបានយុត្តិធម៌សម្រាប់ភាគីជនរងគ្រោះ”៕