មនុស្សប្រុសមួយចំនួនមិនពេញចិត្តនឹង រូបរាងរបស់ខ្លួនដែលកើតមកមិនស្រស់សង្ហា គ្មានភាពទាក់ទាញ ហើយជាពិសេសពិបាកក្នុងការស្លៀកពាក់បែបណាឲ្យមើលទៅស្រស់សង្ហាដូចបុរសដ៏ទៃ។ ប៉ុន្តែនៅពីក្រោយភាពស្រស់សង្ហាអស់ទាំងនោះ អ្នកមិនបានដឹងទេថាពួកគេមានតិចនិកក្នុងការតុបតែងខ្លួន និងចេះជ្រើសរើសសម្លៀកបំពាក់ដែលស័ក្កសមនឹងរូបរាង ដែលអ្នកអាចសាកល្បងតិចនិកខាងក្រោមនេះបាន៖

ទី១. អាវយឺត៖ ភាគច្រើនអាវយឺតមិនរើសប្រភេទខោ ឬស្បែកជើងនោះទេ ដូច្នេះអ្នកអាចពាក់វាបានច្រើនបែបយ៉ាង តែបើអ្នកបន្ថែមអាវក្រៅរឹតតែសង្ហា ហើយម៉្យាងទៀតអ្នកអាចតឺនុយជាមួយខោសាច់ក្រណាត់ ដោយមិនបាច់ប្រើខ្សែក្រវ៉ាត់ រឹតតែកាលីបថែមទៀតផង។

ទី២.អាវសាច់ក្រណាត់ការ៉ូ៖​ បុរសដែលពាក់អាវសាច់ក្រណាត់បែបការ៉ូ ហើយបកដៃឡើងលើបន្តិចពិតជាសង្ហាខ្លាំងណាស់ តែអ្នកអាចលេងស្ទាយមួយបែបទៀតជាមួយអាវក្រៅសាច់ខាប៊យពីក្រៅ រឹតតែទាក់ទាញ និងទាន់សម័យថែមមួយកម្រិតទៀត។

ទី៣.​ អាវយឺតកបើក៖​ សម្រាប់អ្នកចូលចិត្តពាក់អាវយឺត អាចលេខស្ទាយជាមួយអាវយឺតកបើក តឺនុយជាមួយខោសាច់ក្រណាត់ ឬ ខោប៊យក៏បានធ្វើឲ្យអ្នកមើលទៅថ្លៃថ្នូរ ហើយរឹតតែហៃសូ បើពាក់ជាមួយខោខ្លី និងស្បែកជើងបា៉ត់តា។

ទី៤. អាវសាច់ក្រណាត់៖ អាវសាច់ក្រណាត់ដែលពាក់ទៅឃើញស្អាត​ និងទាក់ទាញពេលមិនតឺនុយនោះ ត្រូវតែជាអាវដែលមានសំរុងខ្លីល្មម មិនវែងពេក ព្រោះវាមើលទៅរលុង ហើយឃើញកំពស់ទាបផងដែរ ដូច្នេះអ្នកអាចកាត់ជាយអាវខាងក្រោមចេញឲ្យសមជាមួយខ្លួនអ្នក ហើយមូរដៃឡើងលើបន្តិច នឹងស្រស់ស្អាតមិនខាន។