រឿងរ៉ាវបាញ់បោះដោយសេរីមួយបានកើតឡើងថ្មីៗនេះ យ៉ាងកក្រើកដោយលោកវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ឌួង ណាគ្រី មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅក្រសួងមហាផ្ទៃ បានបើកការបាញ់ប្រហារមួយមកលើរថយន្តជនរងគ្រោះ ចំនួន៥គ្រាប់ មិនត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសនោះឡើយ ដោយត្រឹមបញ្ជូនទៅកាន់ នាយកដ្ឋានតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីដាក់វិន័យតាមកងកម្លាំងនគរបាលជាតិទៅវិញ។

ករណីដ៏ហួសចិត្តនេះដែរ ត្រូវបានមហាជនលើកការប្រៀបធៀបមួយ ទៅនឹងករណីលោកឧកញ៉ា ហ៊ុន ជា ដែលធ្លាប់ធ្វើការបាញ់បោះឡើងទៅលើមេឃ ប៉ុន្មានគ្រាប់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ និងផ្តន្ទាទោសដាក់ពន្ធធនាគារ ទោះបីលោកឧកញ៉ាមានឋានៈ ជាឧត្តមសេនីយ និងជាក្មួយប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដោយ ប៉ុន្តែសម្រាប់លោក លោកវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ឌួង ណាគ្រី មានតួនាទីត្រឹមជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅក្រសួងមហាផ្ទៃ ប៉ុណ្ណោះ ច្បាប់មិនអាចធ្វើអ្វី បានទៅវិញ។ តើប្រិយមិត្តយល់យ៉ាងណាដែរ?