មានករណីបាញ់បោះសេរី ដោយបុគ្គល ឌួង ណាគ្រី មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅក្រសួងមហាផ្ទៃ បានបើកការបាញ់ប្រហារមួយមកលើរថយន្តជនរងគ្រោះ ២នាក់ប្តីប្រពន្ធចំនួន៥គ្រាប់ ប៉ងយកជីវិតធ្វើឲ្យកក្រើកពេញបណ្តាញសង្គម។

យ៉ាងណាមិញអ្វីដែលគួរឲ្យសោកស្តាយនោះ ទោះបីជាជនរងគ្រោះមិនបានរងរបួសក្តី តែស្នូរគ្រាប់កាំភ្លើង៥គ្រាប់ដែលបាញ់សំដៅមកនោះ ធ្វើឲ្យស្ត្រីរងគ្រោះបានរលូតកូន៣ខែក្នុងផ្ទៃ ដោយសារតែមានការតក់ស្លុតខ្លាំងពេក ខណៈដែលគ្រាប់កាំភ្លើង បានបាញ់ទម្លុះកញ្ចក់រថយន្ដសម្ដៅមកខ្លួន។ បុរសជាស្វាមី បានឲ្យដឹងថា ភរិយាលោកក្រោយកើតហេតុភ្លាមៗសន្លប់បាត់បង់ស្មារតី និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ពេលត្រឡប់មកផ្ទះវិញស្រាប់តែធ្លាក់ឈាមទើបដឹងថារលូតកូន។

គួររំលឹកថាលោកវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ឌួង ណាគ្រី មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅក្រសួងមហាផ្ទៃ បានបើកការបាញ់ប្រហារមួយមកលើរថយន្តជនរងគ្រោះ ចំនួន៥គ្រាប់ មិនត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសនោះឡើយ ដោយត្រឹមបញ្ជូនទៅកាន់ នាយកដ្ឋានតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីដាក់វិន័យតាមកងកម្លាំងនគរបាលជាតិទៅវិញ៕