ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដោយបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា នន់ នរិន្ទ បានបង្ហោះសារដាស់តឿនដល់បងប្អូនរាល់គ្នាជាពិសេសអ្នកដែលចូលចិត្តចេញក្រៅពេលយប់ ព្រោះលើកនេះមិនមែនគេចង់ធ្វើស៊ីម៉ូតូនោះទេ តែគេធ្វើស៊ីដល់ទៅឡានទៀត។ ម្ចាស់គណនីខាងលើបានសរសេររៀបរាប់ថា «បើគ្មានកិច្ចការអ្វីចាំបាច់កុំដើរពេលយប់! រឿងស្រៀវឆ្អឹងខ្នងយប់មិញ។

ម៉ោង៣:៣០ទៀបភ្លឺ ថ្ងៃទី៣ ឧសភា ២០១៩ យប់មិញ ដោយឈឺធ្មេញខ្លាំងពេក ទ្រាំមិនបាន ខ្ញុំក៏សម្រេចចិត្តចេញឡានពីផ្ទះរបស់ខ្ញុំក្នុងបូរី ប៊ុនហួរ បើកក្នុងគោលបំណងទិញថ្នាំ។ ខ្ញុំគ្រាន់តែបើកដល់រង្វង់មូលចោមចៅភ្លាម ស្រាប់តែមានឡាន lexus ៣០០ មួយពណ៌កាមៃ បើកតាមពីក្រោយខ្ញុំ ពេលនោះដែរ ក៏មានម៉ូតូណៃហតមួយ មានគ្នាពីរនាក់ សុទ្ធតែមាឌធំ បើកកៀកពីក្រោយនឹងឡានខ្ញុំ ហើយម៉ូតូវា មិនបើកភ្លើងទេ។ ដំបូងខ្ញុំមិនចាប់អារម្មណ៍ទេ ព្រោះគិតថាអ្នកដំណើរដូចគ្នា។ ខ្ញុំចេះតែធ្វើដំណើរយឹតៗ តាមផ្លូវវេងស្រេង ភ្នែករំពៃរកមើលហ្វាម៉ាស៊ីទិញថ្នាំ ដោយគោលដៅខ្ញុំ ទៅផ្សារស្ទឹងមានជ័យទេ។

តែម៉ូតូណៃហត និងឡាននោះចេះតែកៀកពីក្រោយឡានខ្ញុំ ខ្ញុំមើលតាមកញ្ចក់ក៏ហាក់មានមន្ទិលសង្ស័យ។ ខ្ញុំបើកដល់ផ្លូវកែងថ្មគោលលើផ្លូវវែងស្រេង ភ្លាមនោះ អាម៉ូតូណៃហត បើកមកកៀកខ្ញុំ ហើយពួកវាងាកសម្លឹងមកខ្ញុំ ហើយមើលក្នុងឡានខ្ញុំ ក្រែងខ្ញុំមានដឹកមនុស្សនៅផ្នែកក្រោយ។ ខ្ញុំឃើញមិនស្រួលក៏បន្ថែមល្បឿនភ្លាម វាក៏បន្ថែមល្បឿនដេញតាមខ្ញុំ។ ខ្ញុំបើកឡានជ្រេបម្រុងកៀរម់ូតូវា ខ្ញុំគិតថា បើហ្អែងហ៊ានមកជិតអញ អញបើកបំបុកហ្អែងឲ្យងាប់ហ្មង ព្រោះដឹងថា វាមានចេតនាធ្វើស៊ីឡានខ្ញុំហើយ។ ខ្ញុំបើកលឿនរហូតដល់ស្តុបបត់ទៅទួលពង្រ ខ្ញុំគិតថា ខ្ញុំមិនអាចបន្តដំណើរទៅមុខទេ មានតែត្រលប់ក្រោយវិញ រកប៉ុស្តិ៍ប់ូលីសឲ្យជួយ។

ខ្ញុំក៏បានបួងចង្កួត បត់ត្រលប់ក្រោយមករង្វង់មូលចោមចៅវិញ ព្រោះដឹងថា បើខ្ញុំមកដល់រង្វង់មូលចោមចៅទឹកដីខ្ញុំ ខ្ញុំនឹងបត់ចូលក្នុងសង្កាត់ ឬបើកបង្ហួសចូលផ្ទះ។ ភ្លាមនោះទាំងឡាន និងម៉ូតូបើកដេញតាមខ្ញុំទៀត។ ឡាន​Lexus ៣០០ ហ្នឹង វាប្រឹងបើកវ៉ាខ្ញុំ ដើម្បិទៅពាំងមុខខ្ញុំ ហើយឲ្យម៉ូតូគ្នាវាធើស៊ីខ្ញុំ ខ្ញុំក៏បើកជ្រេរពេញផ្លូវមិនឲ្យវាវ៉ាកើត។ ខ្ញុំគិតថា បើហ្អែងហ៊ានមកជិត អញនឹងបើកខោកហ្អែង យ៉ាងខ្លាំងងាប់ទាំងអស់គ្នា។ ពេលនោះល្បឿនឡានខ្ញុំមិនក្រោម១២០ទេ លើផ្លូវវេងស្រេង ហើយពេលជួបអាសន្នដូច្នេះ អាធ្មេញដែលវាឈឹចង់ងាប់ស្ទើរទ្រាំមិនបានក៏បាត់ឈឺ។ ខ្ញុំបើកមកជិតដល់ថ្មគោលវិញ ក៏សំណាងល្អ មានឡានកុងទីណឺមួយគ្រឿងបើកស្របគ្នា។ ខ្ញុំដឹងថាខ្ញុំបើកទន្ទឹមនឹងឡានកុងទីណើរនេះ មិនវ៉ាវាទេ។

ដូច្នេះ អាឡាន Lexus ហ្នឹង វានឹងអស់ផ្លូវវ៉ាឡានខ្ញុំហើយ ព្រោះខ្ញុំមិនទុក space ឲ្យឯងប្រជែងវ៉ាកើតឡើយ។ ម៉្យាងទៀតខ្ញុំគិតថា បើខ្ញុំហ៊ានវ៉ាកុងទីណឺភ្លាម វានឹងវ៉ាដែរ ហើយវានឹងធ្វើស៊ីខ្ញុំភ្លាម។ ខ្ញុំចេះតែបើកទន្ទឹមកុងទីណឺ រហូតដល់រង្វង់មូលចោមចៅ។ អាម៉ូតូណៃហត ក៏ចាប់ផ្តើមវ៉ានៅពីមុខខ្ញុំ ចំហៀងខាងកុងតីណឺ ព្រោះវាមិនហ៊ាននៅចំពីមុខខ្ញុំទេ វាខ្លាចខ្ញុំបើកបុក។ ឯខ្ញុំក៏គិតហើយដែរ បើមិនស្រួលអញលែងឯងមុន។ មកដល់រង្វង់មូលចោមចៅ ខ្ញុំហាក់ដូចជាបាត់ភ័យតិច ព្រោះមានគេលក់បបរ និងមីឆាបួនប្រាំតូបដែរ ព្រមទាំងមានតាម៉ូតូឌុបបួននាក់នៅហ្ការ៉ាសសាំង សូគីមិច។ មកដល់ភ្លាម ចិត្តខ្ញុំគិតថា គួរបើកបង្ហូសចូលសង្កាត់ចោមចៅ នៅផ្លូវលេខបួន ឬក៏បើកចូលបុរីខ្ញុំ។ ពេលនោះខ្ញុំក៏បានគិតខុស ដោយសម្រេចចិត្តបើកឡានចូលបុរីវិញ នៅផ្លុវជាតិលេខ៣ ហើយពួកវានៅតែដេញតាមខ្ញុំ។

ខ្ញុំបើកចូលក្នុងបូរីភ្លាម វាចូលដេញតាមខ្ញុំ ខ្ញុំចាប់ផ្តើមស្រៀវឆ្អឹងខ្នង តិចពួកនេះធ្វើស៊ីខ្ញុំមុខផ្ទះខ្ញុំទេដឹង។ តែចិត្តមួយគិតថា ពួកឯងអីក៏ខ្លាំងម៉េសហ៊ានចង់ធ្វើស៊ីអញក្នុងទឹកដីអញ មិត្តភក្តិអញក្នុងបុរីសុទ្ធតែទាហានផង។ ខ្ញុំបើកចូលបុរីបាន៥០ម៉ែត្រ មិនទាន់ដល់ផ្ទះទេ។ ខ្ញុំចាប់ផ្តើមស៊ីប្លេខ្លាំងៗបង្អើលអ្នកភូមិ ហើយឈប់ឡានមុខផ្ទះមិត្តខ្ញុំម្នាក់ជាទាហាន។ វាឃើញខ្ញុំស៊ីប្លេខ្លាំងៗដូច្នេះ វាក៏ឈប់ មិនហ៊ានមកជិតខ្ញុំទេ។ ភ្លាមនោះ ទ្វាផ្ទះអាមិត្តខ្ញុំក៏លាន់សម្លេងរបើកឡើង ព្រោះខ្ញុំតេដាស់វាឲ្យជួយ។ គ្រាន់តែទ្វារបើកភ្លាម ពួកវាក៏បត់ក្បាលឡាន និងម់ូតូយ៉ាងប្រញាប់ត្រលប់ទៅវិញបាត់ស្រមោល។ លោកអើយសាហាវប៉ុនណាដែលចង់មកធើស៊ីឯងដល់ផ្ទះបែបនេះ? បើគ្មានការងារចាំបាច់ទេកុំដើរពេលយប់ ខ្ញុំបានជួបផ្ទាល់ភ្នែកស្រស់ៗ»៕