កាលពីថ្មីៗនេះក្រុមយុវជនសំរាមបានប្រកាសស្វែងរកជំនួយពីបងប្អូន ក្រោយពីធនធានរបស់ពួកគាត់ហាក់ខ្សត់ខ្សោយទៅៗ ដោយរាល់ថ្ងៃមានតែមីកំប៉ុង និងពងមាន់ ពងទា ទុកសម្រាប់បរិភោគតែប៉ុណ្ណោះ។ មហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរ និងកោតសរសើរទឹកចិត្តលះបង់របស់ពួកគាត់ជាខ្លាំងប៉ុនពេក ព្រោះតែដើម្បីឲ្យប្រទេសយើងមានបរិស្ថានស្អាតពួកគាត់មិនរួញរាអ្វីសោះឡើយ ទោះអត់ការងារធ្វើត្រូវមកចាំប្រមូលនិងសម្អាតសំរាមដែលបងប្អូនមួយចំនួនបោះចោលគ្មានសណ្តាប់ធ្នាប់ក៏ដោយ។

ស្រាប់តែ សូ ដានីតា អ្នកសម្តែង និងចម្រៀងស្រីល្បីឈ្មោះ ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ថារូបនាងជាតារាស្រីមានចិត្តបរិសុទ្ធ និងមិនប្រកាន់ខ្លួនជួយសង្គមបានបង្ហោះសារថានាងចង់ចូលរួម និងជួយក្រុមយុវជនសំរាម។ ដោយនាងបានសរសេររៀបរាប់ថា «ខ្ញុំចង់ជួយហើយ ចង់ជួយច្រើនជាង១ដុល្លាហ្នឹង ខ្ញុំចង់ចូលរួមជាមួយប្អូនៗ តាមតែមានពេលដែលអាចទៅរួច តើប្អូនៗ អាចអោយខ្ញុំចូលរួម សំអាតបរិស្ថានជាមួយ បានទេ?»៕