ការលេងស្ទាយសក់ គឺជារឿងដែលមនុស្សស្រីគ្រប់រូបចូលចិត្ត និង តែងតែផ្លាស់ប្ដូរស្ទាយសក់របស់ពួកគេជាញឹកញាប់ ដើម្បីបន្ថែមនៅភាពស្រស់ស្អាត និងទាក់ទាញ។ ដូចនេះប្រសិនបើអ្នកចង់បានម៉ូដសក់បែបសាមញ្ញ ខ្ជូតៗ ជាមួយវិធីងាយៗ សម្រាប់ដំណើរកំសាន្តផ្សេងៗ ឬ ជួបជុំមិត្តភកិ្កពេលចុងសប្ដាហ៍ អាចជ្រើសរើសម៉ូដសក់ខាងក្រោមនេះបាន៖

ទី១.​​សក់ចងពាក់កណ្ដាល៖ សម្រាប់មិត្តៗនារីដែលចូលចិត្តស្តាយសុភាពៗ អាចជ្រើសរើសម៉ូដសក់នេះបាន ដោយគ្រាន់តែចងសក់ពាក់កណ្ដាលខាងលើបត់ជាពីរ ហើយទាញឲ្យរលុងបន្តិច រួចទម្លាក់សក់កៀនត្រចៀកតិចៗ ដើម្បីឲ្យរឹតតែស្រស់ស្អាត។

ទី២.សក់ចងទីទុយ៖ ចងសក់ទីទុយអាចនឹងរើសទម្រង់បន្តិច តែអ្នកអាចសាកល្បងបាន ដោយអ្នកត្រូវបែងចែកសក់ជាពីរផ្នែកស្មើគ្នា ហើយបួងចុងសក់ដោយចងបត់កន្ទុយ ធ្វើបែបនេះនៅសក់មួយផ្នែកទៀត ហើយទាញសក់ឲ្យធូរបន្តិច រួចជាការស្រេច។

ទី៣. សក់ទម្លាក់លេងម៉ូដខាងមុខ៖ ប្រសិនបើអ្នកចូលចិត្តទម្លាក់សក់ អ្នកអាចលេងម៉ូដសក់ខាងមុខបន្តិចក៏បាន កុំឲ្យមើលទៅធម្មតាពេក ដោយយកសក់មុខ ខាងឆ្វេង ឬ ខាងស្ដាំក៏បាន មូរចូលគ្នាជារូបផ្កា ហើយកៀបដង្គៀបខ្មៅភ្ជាប់ជាមួយសក់ខាងលើ អ្នកនឹងកាន់តែស្រស់ស្អាត។

ទី៤.សក់ចងចំហៀង៖ ចំពោះការចងសក់បែបនេះ អ្នកត្រូវទាញសក់មកចំហៀង ហើយមូរសក់ខាងមុខបន្តិចឲ្យចេញជាម៉ូដ ដោយទម្លាក់សក់កៀនត្រចៀកម្ខាងទៀតតិចៗ រឹតតែទាក់ទាញ។

ទី៥.សក់បួងពាក់កណ្ដាល៖ សម្រាប់ម៉ូដសក់មួយនេះ​ មិនត្រឹមតែស្រស់ស្អាតនោះទេ​ ហើយងាយស្រួលធ្វើទៀត ដោយត្រូវចងសក់ផ្នែកខាងលើឲ្យខ្ពស់ រួចបួង ហើយទាញឲ្យរលុងបន្តិច​ ទម្លាក់សក់មុខតិចៗបន្ថែម រឹតតែទាន់សម័យ។​