ជាការពិតណាស់មនុស្សគ្រប់ៗរូបកើតមកតែងតែចង់បានរូបសម្រស់ស្រស់ស្អាត សុខភាពល្អ ហើយជាពិសេសប្រាថ្នាចង់បានធ្មេញសស្អាត ពីធម្មជាតិ ដែលជាចំណុចទាក់ទាញមួយធ្វើឲ្យមនុស្សគ្រប់គ្នាមានទំនុកចិត្តលើខ្លួនឯង ព្រោះវាក៏ជាផ្នែកមួយក្នុងការបង្កើននូវភាពស្រស់ស្អាត ការទំនាក់ទនងល្អជាមួយអ្នកនៅជុំវិញខ្លួនផងដែរ ដូចនេះប្រសិនបើអ្នកមានបញ្ហាធ្មេញលឿង មិនសស្អាត អ្នកអាចសាកល្បងវិធីសាស្រ្តបែបធម្មជាតិទាំងនេះ៖ ទី១. ម្សៅទឹកដោះគោ ជាមួយថ្នាំដុសធ្មេញ៖ ម្សៅទឹកដោះគោជួយឲ្យធ្មេញរបស់អ្នកសស្អាត និងមានសុខភាពល្អ ដូច្នេះអ្នកអាចប្រើម្សៅទឹកដោះគោ រោយពីលើថ្នាំដុសធ្មេញបន្តិចនៅពេលដុសធ្មេញ អនុវត្តពីរដងក្នុងមួយសប្ដាហ៍ នោះធ្មេញរបស់អ្នកនឹងប្រែមកជាសស្អាត។

ទី២.​ម្សៅ baking Soda និងក្រូចឆ្មា៖ ចំពោះវិធីមួយនេះមានភាពងាយស្រួល​ និងមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវយកម្សៅ Baking Soda ដាក់លើច្រាសដុសធ្មេញក្នុងបរិមាណសមស្របមួយ ហើយច្របាច់ក្រូចឆ្មាពីលើ រួចដុសទៅលើធ្មេញឲ្យសព្វ ហើយអនុវត្តត្រឹមតែមួយដងក្នុងមួយសប្ដាហ៍តែប៉ុណ្ណោះ។

ទី៣.អំបិល ទឹកក្រូចឆ្មា និងថ្នាំដុសធ្មេញ៖ ដើម្បីកម្ចាត់បញ្ហាធ្មេញលឿង ឲ្យបាត់ក្នុងពេលដ៏ខ្លី អ្នកត្រូវយកអំបិល កន្លះស្លាបព្រាកាហ្វេ លាយជាមួយទឹក្រូចឆ្មា ហើយបន្ថែមថ្នាំដុសធ្មេញបន្តិច​ រួចកូរឲ្យសព្វ បន្ទាប់មកលាបល្បាយទាំងនោះទៅលើធ្មេញ ដោយទុករយៈពេល ១នាទី ចាំលាងសម្អាតចេញ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ត្រូវអនុវត្តឲ្យបាន ពីរដងក្នុងមួយសប្ដាហ៍។

ទី៤.ទឹកក្រូចឆ្មា និងទឹក៖ សម្រាប់វិធីនេះ មិនត្រឹមតែជួយឲ្យធ្មេញសស្អាតនោះទេ ថែមទាំងជួយបំបាត់ក្លិនមាត់ទៀតផង ដោយគ្រាន់តែ​យកទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ លាយជាមួយទឹក ១ស្លាបព្រាកាហ្វេដូចគ្នា ហើយយកទៅដុសជាមួយថ្នាំដុសធ្មេញ ឬ ខ្ពុលមាត់ក៏បាន ដោយទុករយៈពេល ១០នាទី អនុវត្តបែបនេះឲ្យបានពីរដងក្នុងមួយសប្ដាហ៍។