កាលពីថ្ងៃទី៤ ខែឧសភា កន្លងទៅនេះ ពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ របស់តារាចម្រៀងស្រីកញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីបង្កើតលោក ខេមរៈ សិរីមន្ត បានធ្វើឡើងនៅឯស្រុកកំណើត ភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ គេសង្កេតឃើញថានៅតែមានការសោកស្តាយស្រណោះ និងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្ទនាងឲ្យទៅកាន់សុគតិភព ព្រោះតែតារាស្រីរូបនេះជាក្មេងស្រីស្លូតបូត និងជាមនុស្សមានសមត្ថភាពមួយរូបនៅក្នុងសង្គមសិល្បៈខ្មែរ។

ស្របពេលដែលពិធីបុណ្យ១០០ថ្ងៃនេះធ្វើឡើង ស្រាប់តែគេសង្កេតឃើញថាផ្ទុះការរិះគន់ពីសំណាក់មហាជនក្នុងបណ្តាញសង្គមជាច្រើន ក្រោយពីលោកខេមរៈសិរីមន្តបង្ហោះរូបថតក្រុមគ្រួសារដែលស្លៀកបំពាក់ឈុតខ្មៅក្នុងពិធីបុណ្យ១០០ថ្ងៃនេះ។ ដោយការរិះគន់ទាំងនោះភាគច្រើនគឺនិយាយពីពណ៌នៃសម្លៀកបំពាក់ខ្មៅ ដែលជាពណ៌កាន់ទុក្ខនៃប្រពៃណីប្រជាជនថៃ ដោយខ្មែរយើងគឺត្រូវប្រើឈុតស សម្រាប់ពិធីកាន់ទុក្ខ។ យ៉ាងណាមិញក៏មានមតិមួយចំនួនទៀតលើកឡើងថា វាជាសិទ្ធិរបស់បុគ្គលគេស្លៀកអ្វីជារឿងរបស់គេ បុណ្យ១០០ថ្ងៃហើយ នៅប្រកាន់ពណ៌ខ្មៅសអ្វីទៀត។ តើបងប្អូនយល់យ៉ាងម៉េចដែរចំពោះបញ្ហានេះ?