របៀបក្នុងការលេងម៉ូដសក់របស់នារីៗ មានច្រើនប្រភេទ និងច្រើនស្ទាយទៅតាមចំណង់ចំណូលចិត្ត និងភាពប៉ិនប្រសព្វក្នុងការតុបតែងម៉ូដសក់របស់ពួកគេ ឲ្យកាន់តែមានភាពទាក់ទាញ ជាពិសេសស៊ីគ្នាជាមួយនឹងសម្លៀកបំពាក់។ យ៉ាងណាមិញថ្ងៃនេះ យើងនឹងបង្ហាញលោកអ្នកពីរបៀបក្នុងការតុបតែងម៉ូដសក់ថ្មីៗ សម្រាប់អ្នកចូលចិត្តចងកន្សែងជាបូរនៅលើសក់ ដោយវិធីងាយៗដូចខាងក្រោម៖

ទី១. ចងសក់ខ្ពស់៖ ចំពោះម៉ូដសក់ប្រភេទនេះមិនពិបាកក្នងការចងនោះទេ ដោយគ្រាន់តែ​យកកន្សែងតូចល្មម ហើយជ្រើសរើសពណ៌ដែលអ្នកចូលចិត្ត បន្ទាប់មកបត់វាជារៀងតូច ហើយចងនៅពីលើសក់ផ្នែកខាងមុខ រួចចងសក់ពីក្រោយឲ្យខ្ពស់ដោយទាញឲ្យមានរបៀបរៀបរយ។

ទី២.​ទម្លាក់សក់ ហើយចងបូរខាងមុខ៖ ម៉ូដសក់ប្រភេទនេះស័ក្កសមបំផុត នៅពេលដែលអ្នកធ្វើដំណើរទៅកំសាន្តនៅមាត់សមុទ្រ ដូចនេះអ្នកត្រូវយកកន្សែងពណ៌ដែលអ្នកចូលចិត្ត មកចងពីមុខ ដោយវែកសក់កៀនៗទុកនៅខាងមុខជាម៉ូដ ហើយចងកន្សែងឲ្យតឹង អ្នកនឹងទទួលបានម៉ូដសក់ថ្មីមួយដោយងាយ។

ទី៣. បួងសក់៖ សម្រាប់អ្នកដែលមិនចូលចិត្តទម្លាក់សក់រញ៉េរញៃ អាចជ្រើសរើសការបួងសក់ឲ្យខ្ពស់ ហើយយកកន្សែងមកចងខាងមុខជាបូរបាន ព្រោះវាមានភាពងាយស្រួល និងស័ក្កសមនាពេលអាកាសធាតុក្ដៅ ជាពិសេសសម្រាប់ការធ្វើដំណើរកំសាន្តតាមតំបន់ព្រៃភ្នំផ្សេងៗ។

ទី៤. ចងសក់ទាបល្មម ហើយចងបូរខាងមុខ៖ អ្នកចូលចិត្តម៉ូដសក់សុភាពៗ អាចជ្រើសរើសយកម៉ូដសក់នេះបាន ដោយត្រូវចងសក់ផ្នែកខាងក្រោយទាបល្មម ហើយ​វែកសក់ខាងមុខទុកជាម៉ូដ រួចយកកន្សែងមកចងខាងមុខ ហើយទាញសក់ឲ្យមានរបៀបបន្តិច កាន់តែស្រស់ស្អាត។

ទី៥. ក្រងសក់៖ តុបតែងខ្លួនដោយប្រើម៉ូដសក់បែបនេះ អ្នកនឹងកាន់តែទាក់ទាញ ហើយខ្ជូត ដោយគ្រាន់តែយកកន្សែង មកចងខាងមុខ តែមិនត្រូវចងសក់ខាងមុខអស់ពេកទេ ហើយក្រងសក់ផ្នែកខាងក្រោយដែលនៅសល់ទៅចំហៀង រួចទាញឲ្យរាងរលុងបន្តិច ទើបស្អាត។