ករណីបុរសម្នាក់ត្រូវភ្លើងឆេះខ្លោចប្រាណព្រោះតែបានជួយក្មេងស្រីមួយរូបគេចចេញពីការផ្ទុះហ្គាសឆេះឡាន នៅតាខ្មៅ បណ្តាលអោយគាត់ត្រូវឆេះភ្លើងពេញខ្លួនស្ទើរបាត់បង់ជីវិត។ ជនរងគ្រោះមានឈ្មោះ ឃុត សំណាង អាយុ៥៣ឆ្នាំ នៅភូមិ កំពង់សំបួរ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឥលូវកំពុងសំរាកព្យាបាលនៅ មន្ទីរពេទ្យ ព-២ (អតីតពេទ្យយោធា) ក្រុងបាត់ដំបង។

ទោះបីជាទទួលជំនួយជាបន្តបន្ទាប់ក្តីប៉ុន្តែបងប្រុសរូបនេះនៅតែត្រូវការជំនួយបន្ងែម ព្រោះតែរបួសរលាកខ្លាំង។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Kim Channa បានឲ្យដឹងថា៖ “អតីតសិស្សខ្ញុំម្នាក់ កង សំណាង ជាអ្នកបើកតាក់ស៊ី បានជួយក្មេងស្រីម្នាក់ដោយចៃដន្យ ប៉ុន្តែខ្លួនឯងរងរបួសជាទម្ងន់។ ខណៈពេលមានភ្លើងឆេះរថយន្ត(ផ្ទុះលើកទីមួយ) កង សំណាង នៅក្បែរកន្លែងកើតហេតុ ឃើញក្មេងស្រីម្នាក់ដើរមកក្បែររថយន្តកើតហេតុ ក៏ស្ទុះទៅរុញក្មេងស្រីឱ្យទៅឆ្ងាយពីកន្លែងកើតហេតុ ផុតពីខ្លួនប្រមាណ ៥-៦ ម៉ែត្រ ភ្លាមនោះបន្ទុះលើកទី២ក៏ផ្ទុះឡើង ក្មេងស្រីបានរួចផុតគ្រោះថ្នាក់ តែ កង សំណាង ខ្លួនឯងត្រូវអណ្តាតភ្លើងឆាបឆេះពេញខ្លួន មនុស្សម្នាបានយកទឹកមកចាក់ឱ្យ បន្ទាប់ពីនោះ កង សំណាង នៅមានស្មារតីនៅឡើយ ឆ្លៀតទៅថយរថយន្តខ្លួនឯងឱ្យផុតឆ្ងាយពីកន្លែងកើតហេតុ។

ពេលចុះពីលើរថយន្តមកវិញ អំណាចនៃការឆេះបានជះឥទ្ធិពល ធ្វើឱ្យ កង សំណាង បាត់ស្មារតីតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅមុនពេលចូលឆ្នាំខ្មែរថ្មីៗនេះនៅក្រុងតាខ្មៅ។ បច្ចុប្បន្នគេបានដឹក កង សំណាង យកទៅសម្រាកព្យាបាលនៅពេទ្យ ព-២ (អតីតពេទ្យយោធា) នៅខេត្តបាត់ដំបង។ មានសិស្សរួមសាលានរា(កាលសម័យខ្ញុំនៅបង្រៀន)បានរួមសហការជួយ កង សំណាង បានជិតពីរពាន់ដុល្លារ និងមានសប្បុរសជនផ្សេងៗមួយចំនួនទៀតក៏បានជួយឧបត្ថម្ភខ្លះៗ ប៉ុន្តែខ្ញុំគិតថាវានៅស្តួចស្តើងណាស់សម្រាប់គ្រោះថ្នាក់ប្រភេទនេះ។ តាមខ្ញុំធ្លាប់ដឹង នៅបរទេស (ដូចប្រទេសថៃជាដើម) សង្គមឬស្ថាប័នរដ្ឋមានការយកចិត្តទុកដាក់ច្រើន តែក្នុងសង្គមយើង បើមិនបានចំណេញអ្វីទេ វាអាចជារឿងលំបាកបន្តិចក្នុងការជួយសង្រ្គោះបុគ្គលប្រភេទនេះ តើវាអាចមកពីវប្បធម៌ឬយ៉ាងណា? សម្រាប់ប្រិយមិត្តដែលចង់ដឹងរឿងពិត អាចទាក់ទងដោយផ្ទាល់ជាមួយ កង សំណាង (ឃុត សំណាង) តាមលេខទូរសព្ទ 086984686″៕