មានមនុស្សជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងជាមួយនឹង ការឡើងទម្ងន់ឥតឈប់ឈររបស់ពួកគេ ទោះបីជាពេលខ្លះពួកគេធ្វើការតមចំណីអាហារ ឬ ហាត់ប្រាណយ៉ាងណាក៏ដោយ ក៏វាមិនងាយស្រក ហើយពេលខ្លះកាន់តែឡើងថែមទៀតផង។ ប៉ុន្តែជុំវិញការព្រួយបារម្ភទាំងនោះ ពួកគេប្រហែលជាមិនបានគិតទេថា ទម្លាប់មួយចំនួននៅពេលយប់របស់ពួកគេ ក៏អាចធ្វើឲ្យរាងកាយកាន់តែធាត់ផងដែរ ដោយទម្លាប់ទាំងអស់នោះមានដូចជា៖

ទី១. គេងមិនបានគ្រប់គ្រាន់៖ ការគេងមិនបានគ្រប់គ្រាន់ធ្វើឲ្យរាងកាយរបស់អ្នកចុះខ្សោយ ប្រព័ន្ធរំលាយអាហារធ្វើការយឺត ធ្វើឲ្យអ្នកមានអារម្មណ៍ឃ្លាន ជាពិសេសធ្វើឲ្យអ្នកមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការហាត់ប្រាណ ដូច្នេះយ៉ាងហោចណាស់អ្នកត្រូវតែគេងយ៉ាងហោចណាស់ ៨ម៉ោងក្នុងមួយយប់។

ទី២.ញ៉ាំអាហារពេលល្ងាចច្រើន៖ នៅពេលដែលអ្នកញ៉ាំអាហារពេលយប់ច្រើនហួសហេតុពេក ព្រមជាមួយនឹងប្រព័ន្ធរំលាយអាហាររបស់អ្នកនឹងថយចុះ នៅពេលយប់ទៀតនោះ វាជាមូលហេតុដែលធ្វើឲ្យអ្នកឡើងទម្ងន់យ៉ាងឆាប់រហ័ស។

ទី៣. ចូលគេងបន្ទាប់ពីញ៉ាំអាហារពេលល្ងាច៖ បន្ទាប់ពីការញ៉ាំអាហាររួច អ្នកនឹងមានអារម្មណ៍ងងុយគេង ដូចនេះប្រសិនបើអ្នកគេងភ្លាមៗបន្ទាប់ពីញ៉ាំអាហារនោះ វា​នឹងធ្វើឲ្យ​ជាតិខ្លាញ់ក្នុងរាងកាយរបស់អ្នកមិនរលាយ ធ្វើឲ្យងាយឡើងទម្ងន់ ជម្រើសល្អអ្នកគួរតែធ្វើការតាំងសមាធិ ឬ ងូតទឺក ដោយប្រើពេល ១ ទៅ ២ម៉ោងចាំគេង។

ទី៤.ចូលចិត្តញ៉ាំបង្អែមពេលយប់៖ ការញ៉ាំបង្អែម ឬ របស់ដែលមានជាតិផ្អែមផ្សេងៗ អាចធ្វើឲ្យអ្នកឡើងទម្ងន់យ៉ាងឆាប់រហ័ស ដោយសារតែជាតិផ្អែមបំលែងទៅជាជាតិខ្លាញ់ ហើយរាងកាយរបស់អ្នកមិនអាចដុតកាឡូរីទាំងនោះនៅពេលយប់បានទេ។

ទី៥. ចូលគេងយប់ជ្រៅពេក៖ ប្រសិនបើអ្នកតែងតែចូលគេងនៅពេលយប់ជ្រៅ អ្នកមិនអាចគេចចេញពីការឡើងទម្ងន់បានទេ ព្រោះនៅពេលយប់រាងកាយរបស់យើងទទួលជាតិខ្លាញ់យ៉ាងច្រើន ដោយសារតែជាវដ្តធម្មជាតិនៃរាងកាយ ហើយនៅពេលព្រឹក អ្នកនឹងមានអាម្មណ៍ថាឃ្លានខ្លាំង។